News

Check out real estate news updates

ក្រុមហ៊ុនចិនសម្លឹងឱកាសវិនិយោគសង់រោងចក្រផលិតឧបករណ៌សម្ភារៈអគ្គិសនីនៅព្រះសីហនុ

ក្រុមហ៊ុនចិន Suzhou Zhongchu Puhua Electric Tecnology Co,Ltd ចាប់អារម្មណ៍ខ្លាំង និងកំពុងស្វែងរកឱកាសបោះទុនវិនិយោគលើរោងចក្រផលិតឧបករណ៍សម្ភារៈអគ្គិសនី នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ របស់កម្ពុជា។ នេះយោងតាមការប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

​នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញនេះ ក្នុងជំនួបជាមួយឯកឧត្តមចម ប្រសិទ្ធ នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោកHongjian Wang ជាប្រធានប្រតិភូបានសម្តែងនូវការពេញចិត្តនិងចាប់អារម្មណ៌ខ្ពស់ចំពោះការវិនិយោគបង្កើតរោងចក្រផលិតឧបករណ៌សម្ភារៈអគ្គិសនីនៅកម្ពុជា​ ដែលមានការចាប់អារម្មណ៌ខ្លាំងនៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ។

ឆ្លៀតក្នុងឱកាសនោះ លោកបានបញ្ជាក់ថា៖ក្រុមហ៊ុនត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៨៣។ តាមរយៈភាពរីកចម្រើនផ្នែកបច្ចេកវិទ្យាជាបន្តបន្ទាប់ ក្រុមហ៊ុនបានផលិតឧបករណ៌អគ្គិសនី ដូចជាប្រអប់ភ្លើង និងកុងតាក់បិទបើកភ្លើង ជាដើម លក់ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងសហគមន៌អឺរ៉ុបផងដែរ។ ចំពោះទីផ្សារកម្ពុជា លោកមានជំនឿថា៖នឹងមានកំលាំងទិញល្អប្រសើរ។

​ឯកឧត្តមចម ប្រសិទ្ធ បានបញ្ជាក់ថា៖ តាំងពីឆ្នាំ២០១៥ មក វិស័យឧស្សាហកម្មចាប់ផ្តើមមានអត្រាកំណើនខ្ពស់ ជាងវិស័យ កសិកម្ម ដោយមានកំណើនប្រមាណពី១០ ទៅ១២% ក្នុងមួយឆ្នាំ ស្របពេលដែលវិស័យកសិកម្ម មានកំណើនត្រឹម ០១ទៅ ២% ប៉ុណ្ណោះ។ ចំពោះគោលបំណងរបស់ក្រុមហ៊ុនដែលចង់បង្កើតរោងចក្រនៅតំបន់សេដ្ឋកិច្ចពពិសេស ខេត្តព្រះសីហនុ ឯកឧត្តមបានគាំទ្រ ពីព្រោះខេត្តព្រះសីហនុទាំងមូល រាជរដ្ឋាភិបាលបានកំណត់ជា តំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដែលមានការសម្រួលសេវារដ្ឋបាលគ្រប់បែបយ៉ាង​នៅហ្នឹងកន្លែង​ តាមរយៈយន្តការច្រកចេញចូលតែមួយ។

បន្ថែមពីលើនេះ ឯកឧត្តមក៏បានពន្យល់ឲ្យបានជ្រាបពី ការលើកទឹកចិត្តនៃច្បាប់វិនិយោគកម្ពុជា សិទ្ធិកាន់កាប់ ជួល និងទិញដីធ្លីរបស់ជនបរទេសនៅកម្ពុជា ដំណោះស្រាយបញ្ហាទឹក ភ្លើង ជំនាញការងារក្នុងចំណោមពលករវ័យក្មេង និងផលិតភាពការងារជាដើម៕

Source From: https://business-cambodia.com/2018/11/14/chines-invest-electrical-equipment-manufacturers/

Leave a Reply

Your email address will not be published. Required fields are marked *