News

Check out real estate news updates

ក្រុមហ៊ុនកូរ៉េចាប់អារម្មណ៍វិនិយោគវិស័យធំៗពីរនៅខេត្តព្រះសីហនុ

ក្រុមហ៊ុនពហុវិស័យក្នុងវិស័យសំណង់របស់ប្រទេសកូរ៉េខាងត្បូងបានបង្ហាញការចាប់អារម្មណ៍ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងវិស័យទូរគមនាគមន៍នៅខេត្តព្រះសីហនុ ខេត្តឆ្នេរសមុទ្រប្រទេសកម្ពុជា ដែលកំពុងមានសន្ទុះខ្លាំងផ្នែកវិនិយោគសំណង់ អចលនទ្រព្យ និងទេសចរណ៍។

នៅក្នុងជំនួបជាមួយឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ កាលពីថ្ងៃទី៣ មិថុនា លោក Lee Kun Ki ប្រធានសមាគមអ្នកម៉ៅការសាងសង់អន្តរជាតិនៃប្រទេសកូរ៉េ ឬ ហៅកាត់ថា ICAK បានថ្លែងថា លោកបានចាប់អារម្មណ៍លើការពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងបរិស្ថាននៅកម្ពុជា ជាពិសេស គម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងវិស័យទូរគមនាគមន៍នៅក្នុងខេត្តព្រះសីហនុ។

លោក Lee Kun Ki បញ្ជាក់ថា ការវិនិយោគនៅកម្ពុជា ក៏ដូចជានៅខេត្តព្រះសីហនុ គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការវាងប្រទេសកូរ៉េខាងត្បូង និងប្រទេសកម្ពុជា លើផ្នែកវិស័យវិស្វកម្ម និងសំណង់។

លោក Lee Kun Ki បន្ថែមថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ កំពង់ផែ ផ្លូវរថភ្លើង និងអាកាសយានដ្នានផងដែរ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់បានស្វាគមន៍ចំពោះគម្រោងអភិវឌ្ឍន៍របស់សមាគមខាងលើ ដោយសង្កត់ធ្ងន់ថា ការបង្កើនកិច្ចសហប្រតិបត្តិការនានា នឹងចូលរួម និងជំរុញការអភិវឌ្ឍន៍នៅប្រទេសកម្ពុជា ជាពិសេស លើកកម្ពស់វិស័យបរិស្ថាន។

ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ ថ្លែងថា៖ «ខេត្តព្រះសីហនុ គឺជាខេត្តមួយដែលមានសក្តានុពលផ្នែកសេដ្ឋកិច្ច និងទេសចរណ៍យ៉ាងសំខាន់របស់កម្ពុជា ហើយ ខេត្តនេះកំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ»។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានឲ្យដឹងថា មិនទាន់មានក្រុមការងារបានពិភាក្សាជាមួយមន្រ្តីសាលាខេត្តនៅឡើយទេ ជុំវិញគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនកូរ៉េ។ ប៉ុន្តែលោកបញ្ជាក់ថា សាលាខេត្តព្រះសីហនុ ស្វាគមន៍ចំពោះរាល់គម្រោងវិនិយោគ និងអភិវឌ្ឍន៍ ដែលជួយជំរុញឲ្យការអភិវឌ្ឍន៍មានសន្ទុះកើនឡើង។

លោក ឃាង ភារម្យ ថ្លែងថា៖ «យើងស្វាគមន៍រាល់គម្រោងវិនិយោគទាំងអស់ ដោយសារផ្នែកសេដ្ឋកិច្ចខេត្តព្រះសីហនុ មានសន្ទុះកើនឡើង ផ្នែកសាងសង់ អញ្ចឹងយើងទាមទារឲ្យមានកាវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធនេះ ព្រោះតែបច្ចុប្បន្ននេះ ផ្លូវថ្នល់ក្នុងក្រុងបានខូចខាត ដោយសារមានការដឹកជញ្ជូនដែក សម្ភារសំណង់។ តែយ៉ាងណាក៏ដោយក៏ខាងរដ្ឋបាលខេត្តព្រះសីហនុ បានខិតខំស្តារឡើងវិញបណ្តើរៗហើយ»។

Source From: https://www.construction-property.com/khread-news-1868/

Leave a Reply

Your email address will not be published. Required fields are marked *