News

Check out real estate news updates

ក្រុមមន្ត្រីIMF ប្រាប់កម្ពុជាឲ្យមានការប្រុងប្រយ័ត្នចំពោះឥណទានក្នុងវិស័យអចលនទ្រព្យ

ក្រុមមន្ត្រីបេសកម្មរបស់អង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិ IMFបានណែនាំឲ្យប្រទេសកម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់ចំពោះឥណទានក្នុងវិស័យអចលនទ្រព្យ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីការបញ្ចប់បេសកកម្មរបស់ក្រុមមន្ត្រីIMFចុះថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០១៨ ទៅលើលទ្ធផលបឋមនៃការចុះបំពេញបេសកម្មនៅកម្ពុជា ដែលមានចំណងជើងថា «ការពិគ្រោះយោបល់មាត្រា ៤ សម្រាប់ឆ្នាំ ២០១៨»។

សេចក្តីប្រកាសព័ត៌មាននេះបានឲ្យដឹងថា លទ្ធផលបឋម (មិនទាន់ជាផ្លូវការនៅឡើយទេ) ក្រោយពីបញ្ចប់បេសកម្មរយៈពេល២៣ថ្ងៃ (ចាប់ពីថ្ងៃទី ១៩ ខែកញ្ញា ដល់ ថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០១៨) សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០១៨នឹងកើនឡើងក្នុងអត្រា ៧,២៥ ភាគរយហើយអត្រាអតិផរណានៅមានកម្រិតទាបត្រឹម ២,៥ ភាគរយតែប៉ុណ្ណោះ។

ក្នុងន័យនេះដែរ សេដ្ឋកិច្ចកម្ពុជានឹងនៅតែរឹងមាំក្នុងរយៈពេលខ្លីខាងមុខនេះ ហើយវិស័យអចលនទ្រព្យក៏រួមចំណែកខ្លាំងក្នុងកំណើនសេដ្ឋកិច្ចនេះដែរ។ ទោះជាយ៉ាងនេះក្តីក្រុមមន្ត្រី IMFបានសង្កត់ធ្ងន់ថា កត្តាដែលនឹងបង្កហានិភ័យដល់ស្ថេរភាពហិរញ្ញវត្ថុនិងម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជារួមមាន៖ ១) ការផ្តោតខ្លាំងលើការផ្តល់ប្រាក់កម្ចីទៅលើវិស័យអចលនទ្រព្យ ២) អ្នកអភិវឌ្ឍន៍អចលនទ្រព្យផ្តល់ប្រាក់កម្ចីដោយគ្មានការអនុញ្ញាតនិងពិនិត្យច្បាស់លាស់ ៣) ការពឹងផ្អែកលើមូលនិធិពីខាងក្រៅ និង ៤) ការកើនឡើងនៃសារៈសំខាន់នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

លើសពីនេះទៅទៀត ឥណទានរបស់ធនាគារដែលបានផ្តោតសំខាន់ទៅលើវិស័យអចលនទ្រព្យនិងសំណង់នឹងមានការកើនឡើងប្រមាណជា ២០ ភាគរយ នៅឆ្នាំ ២០១៨ ស្របពេលដែលកម្ចីផ្តល់ដោយវិស័យមីក្រូហិរញ្ញវត្ថុនឹងមានការកើនឡើងក្នុងអត្រាខ្ពស់ជាងនេះ។

ម៉្យាងវិញទៀត ឱនភាពគណនីចរន្តកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើងប្រហែល ១០ ភាគរយនៃផលិតផលក្នុងស្រុកសរុប GDPនៅឆ្នាំ ២០១៨ ដោយសារតែការនាំចូលខ្ពស់រួមទាំងការនាំចូលសម្ភារសំណង់ផងដែរ។

ដើម្បីបញ្ជៀសហានិភ័យហិរញ្ញវត្ថុដែលអាចនឹងកើតមានឡើងដោយសារវិស័យអចលនទ្រព្យធនាគារជាតិនៃកម្ពុជាត្រូវតែបន្តខិតខំអនុវត្តគោលនយោបាយឲ្យមានប្រសិទ្ធភាពជាងនេះដូចជា ការកំណត់វិធានការថ្លឹងថ្លែងហានិភ័យសម្រាប់កម្ចីទៅលើវិស័យអចលនទ្រព្យ។

សូមបញ្ជាក់ជូនថា ក្រុមមន្ត្រី IMFនឹងរៀបចំរបាយការណ៍ដែលអនុលោមទៅតាមការយល់ព្រមពីថ្នាក់ដឹកនាំហើយរបាយការណ៍នេះនឹងត្រូវបង្ហាញជូនដល់ក្រុមប្រឹក្សាប្រតិបត្តិរបស់ IMFសម្រាប់ការពិភាក្សានិងការសម្រេចចិត្ត។

Source From: http://www.construction-property.com/khread-news-1442/

Leave a Reply

Your email address will not be published. Required fields are marked *