News

Check out real estate news updates

ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​សុំ​កែ​ចំណុច​ខ្លះ​ក្នុង​ច្បាប់​សំណង់

ភ្នំពេញៈ ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​បាន​លើកសំណើ​ជិត ២០ ​ចំណុច ដើម្បី​ឲ្យ​កែប្រែ​ចំណុច​ខ្លះ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សំណង់​ ខណៈ​ក្រសួង​រៀបចំ​ដែនដី​ថា​សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​បញ្ជូន​ទៅ​គណៈរដ្ឋមន្ត្រី​ឆាប់ៗ​នេះ ដោយ​មាន​កែប្រែ​ចំណុច​មួយ​ចំនួន​តាម​ការស្នើសុំ ប៉ុន្តែ​មួយ​​ចំនួន​ទៀត​ត្រូវ​បាន​បដិសេធ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​កាលពី​ថ្ងៃ​សុក្រ​បាន​បង្ហាញ​លទ្ធផល​ស្តីពី​កិច្ចប្រជុំ​ពិគ្រោះ​ឆ្លង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សំណង់​ក្នុង​ក្របខ័ណ្ឌ​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បន្ទាប់ពី​កិច្ចប្រជុំ​បាន​ធ្វើឡើង​កាលពី​សប្តាហ៍​មុន​នៅ​វិមាន​សន្ដិភាព​។

ក្នុង​កិច្ចប្រជុំ​នោះ ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​បាន​ស្នើ​ទៅ​ក្រសួង​រៀបចំ​ដែនដី រួមទាំង​បាន​បង្ហាញ​ក្តីកង្វល់​លើ​ចំណុច​ជិត​ ២០ ក្នុង​នោះ​រួមមាន ចង់​ឲ្យ​មាន​ការ​កំណត់​ឲ្យ​បាន​ច្បាស់​ជុំវិញ​ជំពូក​ពាក់ព័ន្ធ​នឹង​ការធ្វើ​អធិការកិច្ច បញ្ហា​ការសាងសង់​បន្ថែម​លើ​សំណង់​ចាស់ៗ ​ការទទួល​ខុសត្រូវ​របស់​ក្រុមហ៊ុន​សំណង់ បើទោះ​ជា​គ្មាន​នីតិសម្បទា បញ្ហា​ការរក្សា​ការងារ​ដល់​អ្នកជំនាញ​ខ្មែរ​ក្នុង​វិស័យនេះ​រួមទាំង ភាពចាំបាច់​នៃ​កម្រិត​វិជ្ជាជីវៈ​ជំនាញ​ជាដើម​។

ក្រៅពី​សំណើ​ទាំងនេះ ឧត្តមក្រុមប្រឹក្សា​ក៏​បាន​បញ្ជាក់​ដែរ​ថា​៖ «​គួរ​រក​គន្លឹះ​បញ្ហា​កម្សោយ​នៃ​ប្រសិទ្ធភាព​អនុវត្ត​ច្បាប់​កន្លងមក ដើម្បី​បញ្ញត្តិ​បន្ថែម​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​។

ព្រោះ​ពេល​បច្ចុប្បន្ន​កម្ពុជា​មាន​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ស្តីអំពី​សំណង់​ព្រមទាំង​មាន​យន្តការ​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ​រួម​ទាំង​ក្រុមការងារ​អធិការកិច្ច​ចំពោះ​មុខ​ដែល​ត្រូវបង្កើត​ឡើង​ជា​បន្តបន្ទាប់ ប៉ុន្តែ​ពុំ​សូវ​មាន​ប្រសិទ្ធភាព​»​។

តាម​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សំណង់​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ពិភាក្សា​នៅ​ក្រសួង​រៀបចំ​ដែនដី​បាន​ចែង​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​គោលបំណង​ធានា​គុណភាព សន្តិសុខ សុវត្ថិភាព​សំណង់ ការពារ​ទ្រព្យសម្បត្តិ និង​សុខុមាលភាព​របស់​ម្ចាស់​សំណង់ អ្នកប្រើប្រាស់ និង​សាធារណជន និង​មាន​គណនេយ្យភាព និង​ប្រសិទ្ធភាព​ក្នុង​ការប្រកប​ការងារ និង​ការប្រកប​វិជ្ជាជីវៈ​ក្នុង​វិស័យ​សំណង់​ផង​ដែរ​។

សេចក្តី​ព្រាង​ច្បាប់​ដែល​មាន ១១៣ ​មាត្រា និង ២២ ​ជំពូក​បាន​ចែង​បញ្ញត្តិ​អំពី​បច្ចេកទេស​នានា​នៃ​សំណង់ ឧបករណ៍​ដែល​អាច​ប្រើប្រាស់​ក្នុង​វិស័យ​សំណង់ នីតិវិធី​នៃ​ការគ្រប់គ្រង តួនាទី​របស់​មន្ត្រី​មាន​សមត្ថកិច្ច និង​ការធ្វើ​សវនកម្ម រួមទាំង​ការទទួល​ខុសត្រូវ​របស់​ក្រុម​វិជ្ជាជីវៈ និង​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​នេះ​ផងដែរ​។

ចំពោះ​មាត្រា​ ៩២ ដល់​មាត្រា ១០៦ ​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​ចែង​ពី​ទោសបញ្ញត្តិ​រួមមាន ការព្រមាន ព្យួរ ឬ​ការដក​ហូត​អាជ្ញាប័ណ្ណ រហូត​ដល់​ដំណាក់ការ​រឹបអូស រុះរើ រួមទាំង​មាន​ជា​ទោសពិន័យ និង​ទោស​ដាក់​ពន្ធនាគារ ដែល​ភាគច្រើន​យោង​តាម​ក្រមព្រហ្មទណ្ឌ ដែល​ជន​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​នេះ អាច​ជាប់​ពន្ធនាគារ​ដល់​ទៅ​ជាង​ ១០ ​ឆ្នាំ​ផង​ដែរ​។

លោក សេង ឡូត អ្នក​នាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ក្រោយ​ពិភាក្សា​ចប់​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សំណង់​នេះ​នឹង​បញ្ជូន​ទៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ក្នុង​ពេល​ឆាប់ៗ ខណៈ​សំណើសុំ​អនុញ្ញាត​ដើម្បី​ដាក់បញ្ចូល​ក្នុង​អង្គប្រជុំ​គណៈរដ្ឋមន្ត្រី​គ្រោង​នឹង​ស្នើឡើង និង​រង់ចាំ​ការសម្រេច​ពី​រដ្ឋាភិបាល​។

អ្នក​នាំពាក្យ​រូបនេះ​បាន​បញ្ជាក់ថា ចំពោះ​សំណើ​នានា​គឺ​មាន​មួយ​ចំនួន​ត្រូវបាន​ក្រសួង​ទទួល​យក​មក​បំពេញបន្ថែម ដើម្បី​ធានា​ឲ្យ​ច្បាប់​នេះ​មាន​គុណភាព​។ ចំណែក​ចំណុច​​មួយ​ចំនួន​លោក​អះអាង​ថា​នឹង​មិន​ត្រូវ​ទទួល​យក​មក​ពិចារណា​ ឬ​កែប្រែ​តាម​ការស្នើសុំ​នោះ​ទេ​។

លោក សេង ឡូត បញ្ជាក់​ថា​៖ «​យើង​បាន​ប្រជុំ​ជា​អន្តរក្រសួង​រួច​ហើយ ដោយ​ច្បាប់​នេះ​រៀបចំ​មក​មាន​ការ​ថ្លឹងថ្លែង​ហ្មត់ចត់​ណាស់​។ យើង​បាន​ជម្រាប​ឧត្តមក្រុមប្រឹក្សា​អំពី​ខ្លឹមសារ​នៃ​ច្បាប់ ហើយ​គាត់​មាន​មតិ​យោបល់​ពាក់ព័ន្ធ​នឹង​សិទ្ធិ​របស់​គាត់​។ ប៉ុន្តែ​ក្រសួង​ផ្អែកលើ​អ្វី​ដែល​បាន​ពិគ្រោះ​យោបល់ និង​ពិនិត្យមើល​ទៅ​តាម​ចំណុច​ហ្នឹង ហើយ​ការគិតគូរ​កន្លង​មក​នេះ​មាន​ការថ្លឹង​ថ្លែង​ខ្ពស់ ដូច្នេះ​យោបល់​ខ្លះ​ក៏​លើក​មក​ពិចារណា ចំណែក​យោបល់​ណា​ដែល​មិនអាច​ទៅ​​រួច​យើង​ក៏​មិន​ទទួល​ដែរ​»​។

លោក គង់ មុនីកា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ និង​ជា​ប្រធាន​ប្តូរវេន​នៃ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ក្នុង​ការដឹកនាំ​កិច្ចពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​សាទរ​ដែល​ក្រសួង​ទទួល​យក​សំណើ​មួយ​ចំនួន​ទៅ​ពិចារណា បើ​ទោះ​ជា​មតិ​មួយ​ចំនួន​ទៀត​មិន​ទាន់​ត្រូវ​បាន​គិតគូរ​ក៏ដោយ​។ ប៉ុន្តែ​លោក​រំពឹង​ថា​នៅក្នុង​ដំណាក់កាល​ពិភាក្សា​នៅ​គណៈដ្ឋមន្ត្រី​ក៏​ដូចជា​នៅ​រដ្ឋសភា ព្រឹទ្ធសភា ខាង​មុខ​ចំណុច​ខ្វះខាត​ដទៃ​ទៀត​ដែល​ឧត្តម​ក្រុមប្រឹក្សា​បាន​លើក​ឡើង​នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​។

លោក គង់ មុនីកា បញ្ជាក់​ថា​៖ «​ច្បាប់​នេះ​យើង​ឃើញ​ថា​ល្អ​ហើយ ប៉ុន្តែ​អ្វី​ដែល​ជាការ​បារម្ភ​ធំ​បំផុត​របស់ខ្ញុំ​ផ្ទាល់​ក៏​ដូច​ឧត្តមក្រុមប្រឹក្សា​គឺ​ការអនុវត្ត​ច្បាប់​ហ្នឹង​។ ​តើ​វា​មាន​ភាព​ច្បាស់លាស់​ឬទេ​? ​នៅ​ពេល​ឃើញ​កើត​មាន​អំពើ​ពុករលួយ​ដើរ​គោះ​លុយ​អ្នក​សាងសង់​ពី​មន្ត្រី​ពាក់ព័ន្ធ​ហ្នឹង​។ ​ជាក់ស្តែង​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ​ហ្នឹង​រុញ​ឲ្យ​សំណង់​ហ្នឹង​អត់​មាន​គុណភាព​​ ដូច្នេះ​ហើយ​យើង​មាន​ការបារម្ភ​ ​និង​ជំរុញ​ឲ្យ​លុបបំបាត់​អំពើពុករលួយ​ឲ្យ​បាន​ក្នុង​ជួរ​មន្ត្រី​ជា​មុន​សិន​»៕

More information visit: https://www.postkhmer.com

Leave a Reply

Your email address will not be published. Required fields are marked *