News

Check out real estate news updates

ក្រុងភ្នំពេញនឹង​ក្លាយជា​ទីក្រុង​ស្អាត គ្មាន​សំរាមខណៈរដ្ឋាភិបាលគ្រោងបង្កើតរោងចក្រដុតសំរាមដើម្បីទាញយកអគ្គិសនី

បញ្ហាបរិស្ថានគឺជារឿងដែលរដ្ឋាភិបាលកំពុងតែមានកង្វល់ និងកំពុងតែចាត់វិធានការក្នុងការដោះស្រាយ ដើម្បីធ្វើឱ្យ​ទីក្រុង​មាន​ភាពស្រស់ស្អាត គ្មានសំរាម និងត្រៀមខ្លួនដើម្បីប្រកួតទីក្រុងស្អាត។

បើយោងតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា អនាគតរាជធានីភ្នំពេញនឹងក្លាយជារាជធានីដែលមានបរិស្ថានស្អាត គ្មាន​សំរាម ខណៈ​ប្រមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា បានអនុម័ត​ជម្រុញ​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​គម្រោង​បង្កើត​រោងចក្រ​ដុត​សំរាម ដើម្បី​បំ​លែងយក​អគ្គីសនី​ប្រើប្រាស់​នៅ​រាជធានី​ភ្នំពេញ​។​

ទាក់ទងជាមួយគម្រោងសាងសង់រោងចក្រដុតសំរាមនេះ បើតាមរយៈឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ រំពឹងថា រាជធានី​ភ្នំពេញ​នឹង​ក្លាយជា​ទីក្រុង​ស្អាត គ្មាន​សំរាម ហើយ​សំរាម​ដែល​បំរើអោយ​គោលដៅ​សម្រាប់​ការដុត​យក​អគ្គីសនី​នោះ នឹងមាន​តំលៃ​។​

​ឯកឧត្តម ក៏បានបន្តថា បច្ចុប្បន្ន​នៅក្នុង​រាជធានី​ភ្នំពេញ កំពុងមាន​បញ្ហា​ប្រឈម​ធំៗ​ចំនួន​២ ដែល​ត្រូវ​ជំរុញ​ការដោះស្រាយ រួម​មាន​៖ បញ្ហា​កកស្ទះ​ចរាចរណ៍ និង​បញ្ហា​បរិស្ថាន​ស្អាត គ្មាន​សំរាម។

គម្រោងនេះគឺពិតជាល្អណាស់សម្រាប់ធ្វើឱ្យកម្ពុជាកាន់តែមានសក្កានុពលក្នុងការទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុននៅកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត ហើយមួយវិញទៀតគឺធ្វើឱ្យកម្ពុជាក្លាយទៅជាប្រទេសដែលគ្មានសំរាម និងអាច​ជួយកាត់​បន្ថយការខ្វះខាតនូវអគ្គិសនីសម្រាប់ប្រើប្រាស់ផងដែរ។

គួរជម្រាបផងដែរថា កម្ពុជា​នៅក្នុង​ឆ្នាំ​បន្ត​ខាងមុខ​ទៀត​នេះ​នឹង​ជួប​រង​ការខ្វះខាត​ថាមពល​អគ្គិសនី​ប្រមាណ​ពី​២០​ទៅ​២៤% ពោលគឺ​នៅ​ឆ្នាំ​២០២០ កម្ពុជា​ត្រូវ​បន្ថែម​ប្រភព​អគ្គិសនី​ថ្មី​ចំនួន ៧៧០ មេ​ហ្កា​វ៉ា​ត់ ហើយ​នៅ​ឆ្នាំ​២០២១ កម្ពុជា ត្រូវ​បន្ថែម ១៣២១ មេ​ហ្កា​វ៉ា​ត់ ។

បច្ចុប្បន្ន នៅ​ប្រទេស​កម្ពុជា​ទទួលបាន​ប្រភព​អគ្គីសនី​ចំនួន​៦​ប្រភព​រួមមានៈ​១. ប្រភព​វា​រី​អគ្គីសនី​បានរួម​ចំណែក​ផ្គត់ផ្គង់​អគ្គីសនី​បាន​ជាង​៥០% ២.​ប្រ​ភ​ពី​ធ្យូងថ្ម ផ្គត់ផ្គង់​បាន​៣៤% ៣.​ប្រភព​ប្រេង​ឌី​ហ្សែ​ល​៣% ៤.​ប្រភព​ទិញ​ពី​ប្រទេសជិតខាង​មាន​២០% ហើយ​ក្រៅពីនេះ​ជា​អគ្គីសនី​បានមកពី​ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ និង​ប្រភព​បាយ​អូ​ម៉ាស់​បានមកពី​ការដុត​កាក​អំពៅ​នៅ​ខេត្តកំពង់ស្ពឺ​។​​

ចំណែកគម្រោងសាងសង់រោងចក្រដុតសំរាម ដើម្បីបំលែងថាមពលអគ្គិសនី គឺនៅពេល​ឆាប់ៗ​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​បើក​កិច្ចប្រជុំ​អន្តរក្រសួង​ពិភាក្សា​រៀបចំ​គម្រោង​បង្កើត​រោងចក្រ​ដុត​សំរាម ដើម្បី​បំ​លែងយក​អគ្គីសនី​ប្រើប្រាស់​សម្រាប់​ផ្គត់ផ្គង់​បំពេញ​ការខ្វះខាត​ថាមពលអគ្គីសនី នៅក្នុង​រាជធានី​ភ្នំពេញ​។​​

More information visit: https://www.business-cambodia.com/public/article/the-government-plans-to-set-up-a-incinerator-to-generate-electricity

Leave a Reply

Your email address will not be published. Required fields are marked *