News

Check out real estate news updates

ក្រុងប៉ោយប៉ែតអាចក្លាយជាទិសដៅថ្មី សម្រាប់វិនិយោគលើវិស័យអចលនទ្រព្យ

ក្រុងប៉ោយប៉ែត ដែលស្ថិតនៅប៉ែកពាយ័ព្យនៃប្រទេសកម្ពុជាកំពុងផ្លាស់ប្តូមុខមាត់ថ្មីនៃការអភិវឌ្ឍ វិស័យអចលនទ្រព្យ ស្រដៀងគ្នាទៅនឹងខេត្តព្រះសីហនុ។ ប៉ោយប៉ែត ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ និងជាច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់រវាងប្រទេស ទាំងពីរ គឺកំពុងតែមានកំណើននៃការអភិវឌ្ឍអចលនទ្រព្យ។

កាស៊ីណូ សណ្ឋាគារ អគារពាណិជ្ជកម្ម និងអគារលំនៅដ្ឋានកំពុងមានវត្តមានច្រើនឡើងនៅក្នុងទីក្រុង ដែលបានមកពីការវិនិយោគពីបរទេស និងភាពរីកចម្រើននៃសេដ្ឋកិច្ចក្នុងតំបន់។​ ជាលទ្ធផល តម្លៃ អចលនទ្រព្យតាមតំបន់នីមួយៗ នៅក្នុងក្រុងប៉ោយប៉ែតបានហក់ឡើងខុសពីឆ្នាំកន្លងមក។

ប៉ោយប៉ែតជាផ្នែកមួយនៃខេត្តបន្ទាយមានជ័យ និងមានផ្ទៃក្រឡា ២,៦២០,០០០  ម៉េត្រការ៉េ បែងចែកជាបីសង្កាត់ រួមមាន ៖ សង្កាត់ប៉ោយប៉ែត្រ សង្កាត់ផ្សារកណ្តាល និងសង្កាត់និមិត្ត។ ក្រុងប៉ោយប៉ែតមានប្រជាជនសរុប ជាង១៤ ម៉ឺននាក់ ក្នុងនោះជនបរទេសជិត ៥ ម៉ឺននាក់។

លោក ហោ គន្ធា (ហៅRoy) ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុ​ន Sokha Residences Group បានមានប្រ សាសន៍ថា​ អចលនទ្រព្យនៅក្នុងក្រុងប៉ោយប៉ែតចាប់ផ្តើមមាន សក្តានុពលខ្លាំងត្រឹមចុងឆ្នាំ ២០១៧ មក។

លោកបានកត់សម្គាល់ឃើញថា​​ សង្កាត់ប៉ោយប៉ែត្រជាតំបន់ដែលមានសក្តានុពលខ្លាំងក្លាជាងគេ ខណៈសង្កាត់ពីរផ្សេងទៀតក៏មាន​​ឱកាសវិនិយោគល្អៗជាច្រើនផងដែរ រីឯ តម្លៃអចលនទ្រព្យវិញបាន កើនឡើងជាបន្តបន្ទាប់។

លោកបានបន្ថែមទៀតថា មានគម្រោងអភិវឌ្ឍន៍តូចធំបានចូលទៅវិនិយោគនៅក្នុងក្រុងប៉ោយប៉ែត ហើយមួយចំនួនធំទៀតបានកំពុងសំឡឹងរកឱកាស និងទីផ្សារសមស្រប មួយនៅក្នុងវិស័យអចលនទ្រព្យនៅក្នុងទីក្រុងនេះ។  លោក បានបញ្ជាក់ថា «​វិនិយោគិនជាច្រើនពីខាងក្រៅកំពុងចាប់អារម្មណ៍ ប៉ោយប៉ែត ដែលជាទិសដៅវិនិយោគដ៏ធំមួយនៅ ពេលអនាគត»​។​

នៅក្នុងរបាយការណ៍​ទីផ្សារលំនៅដ្ឋានឆ្នាំ២០១៧ របស់ក្រុមហ៊ុ​ន Vtrust Appraisal​ បានបង្ហាញថា គម្រោងលំនៅដ្ឋានចំនួន ១៦ បានបញ្ចប់នៅក្នុងឆ្នាំ២០១៧ បានផ្តល់ជូនលំនៅដ្ឋានប្រមាណ ១,៦៩៤ ខ្នង។ ក្នុងនោះ លំនៅដ្ឋានចំនួន ៩០៩ ខ្នងបន្ថែមទៀតត្រូវបានរំពឹងថានឹងបានដាក់បញ្ចូល ទៅក្នុងទីផ្សារត្រឹមពាក់កណ្តាលឆ្នាំ ២០១៨។

លោក សាន ស៊ាន ហូ អភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា បច្ចុប្បន្ននេះជាពេលវេលាសមស្របសម្រាប់ការអភិវឌ្ឍវិស័យអចលនទ្រព្យ។ ក្នុងនាមជារាជរដ្ឋាភិបាល យើងជម្រុញឲ្យអ្នកវិនិយោគទាំងអស់​ វិនិយោគក្នុងវិ ស័យអចលទ្រព្យផ្សេងៗជាច្រើនដូចជា​ ៖ សណ្ឋាគារ ផ្ទះសំណាក់ លំនៅដ្ឋាន ភោជនីដ្ឋាន​ និងសេវាកម្មនានា ដើម្បីបំពេញ ទៅតាមតម្រូការរ​បស់ភ្ញៀវទេសចរ។

លោកបានបន្ថែមទៀតថា នៅប៉ោយប៉ែតមានគម្រោងអភិវឌ្ឍន៍ច្រើន ដែលគម្រោងខ្លះបានបញ្ចប់ ការសាងសង់ ខ្លះកំពុងដំណើរការ និងមួយចំនួនទៀតស្ថិតនៅក្នុងផែន ការអភិវឌ្ឍន៍។ បច្ចុប្បន្នក្រុងប៉ោយប៉ែតមានកាស៊ីណូជិត ៣០ កន្លែង គម្រោងបុរី ១០ គម្រោង និងមានក្រុមហ៊ុន និងរោងចក្រជាច្រើននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានដូចជា ៖ រោងចក្រផលិតគ្រឿង អេឡិចត្រូនិច សំលៀកបំពាក់ និងផលិតផលផ្សេងៗជាច្រើនទៀត។ ក្រៅពីនេះក៏មានក្រុមហ៊ុនពុះ ដីឡូតិ៍ខ្ទង់ ៥០ ក្រុមហ៊ុនកំពុង មានវត្តមាននៅក្នុងតំបន់នេះ។

គម្រោងខុនដូដំបូងគេមួយកំពុងបង្ហាញវត្តមាននៅក្រុងប៉ោយប៉ែត។ គម្រោងលំនៅដ្ឋាននេះអភិឌ្ឍ ដោយក្រុម ហ៊ុន Sokha Residences Group ហើយគម្រោងគ្របដណ្តប់ លើផ្ទៃដីទំហំជិត ៤ ហិចតា និងជាគម្រោងលំនៅដ្ឋានបែបខុនដូទំនើប រួមជាមួយនឹងផ្ទះបុរី។ គម្រោងខុនដូ Sokha Residences នឹងមានកម្ពស់ ២១ ជាន់ ស្នើនឹង ៥៤៣ យូនីតរួមជាមួយហាងលក់ទំនិញ មជ្ឈមណ្ឌលពាណិជ្ជកម្ម ការិយាល័យ កន្លែងហាត់ប្រាណ អាងហែលទឹក បារ ល។​ ចំណែកផ្ទះប្រភេទបុរីមាន ២៨៧ ខ្នង។

យូនីតខុនដូមានតម្លៃចាប់ពី ២៧, ៨៦៤ ដុល្លារ ដល់ ១,២៧០,​០០០ ដុល្លារ/យូនីត ចំណែកបុរីមាន តម្លៃចន្លោះ ៣០,០០០ ដុល្លារ និង ៥០,០០០ ដុល្លារ ក្នុងមួយខ្នង។ គម្រោង Sokha Residences  មានទីតាំងនៅក្នុងគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល នៃក្រុងប៉ោយប៉ែត។

រដ្ឋាភិបាលក៏មានផែនការភិវឌ្ឍន៍ក្រុងប៉ោយប៉ែតឲ្យទៅជាតំបន់ទេចរណ៍មានសក្តានុពលមួយផងដែរ។ លោក ស៊ានហូ បានមានប្រសាសន៍ថា «យើងកំពុងរៀបចំផែនការអភិវឌ្ឍន៍ តំបន់ទេសចរណ៍ថ្មីមួយ លើផ្ទៃដីទំហំជា ៥០០ ហិចតា  ដែលនឹងត្រូវសាងសង់ជាទីលានវាយកូនហ្គោល ទន្លេសិប្បនិមិត្ត សួនច្បារខ្នាតធំ និងផ្សារបណ្តែតទឹក»។ «នៅពេល ដែលគម្រោងបានបញ្ចប់ជាស្ថាពរ យើងរំពឹងថាប៉ោយប៉ែតនឹងអាចស្រូបយកភ្ញៀវទេចររាប់ពាន់នាក់​ក្នុងមួយឆ្នាំៗ​»។ នេះបើតាមលោក ស៊ានហូ។

កត្តាខាងលើនេះរួមជាមួយផែនការរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីបើកច្រកព្រំដែនបន្ថែមទៀតទៅកាន់ប្រទេសថៃ គម្រោងផ្លូវបណ្តោយព្រំដែនកម្ពុជា – ថៃ ក្រោមជំនួយឧបត្ថម្ភ របស់ប្រទេសចិន និងការបើកដំណើរការឡើងវិញនូវផ្លូវដែករវាងប៉ោយប៉ែត និងភ្នំពេញគឺជាសញ្ញាល្អសម្រាប់ ការអភិវឌ្ឍបន្ថែមទៀត ដើម្បីជំរុញក្រុងប៉ោយប៉ែតទៅជា មជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្មដ៏ធំ មួយ។

«នៅក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់យើង យើងផ្តោតសំខាន់លើការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ​»។ នេះបើតាមការបញ្ជាក់រ​បស់លោក ស៊ានហូ។

លោកបានសង្កត់ធ្ងន់ថា ទិសដៅជាអាទិភាពរបស់សាលាក្រុងប៉ោយប៉ែត គឺការផ្តល់ផ្លូវដែលមានគុណ ភាពល្អ [ផ្លូវធំ ចាក់បេតុង ចំណែកផ្លូវតូចចាក់ថ្មមិច] គ្រប់តំបន់ គ្រប់កន្លែង នៅក្នុងទីក្រុងទាំងមូល។

ការកែលម្អផ្លូវថ្នល់បានជំរុញឲ្យតម្លៃអចលនទ្រព្យនៅក្នុងតំបន់ក្រុងហក់ឡើងគួរឲ្យកត់សម្គាល់។ លោក Roy បានមានប្រសាសន៍ថា បច្ចុប្បន្នដីនៅតាមបណ្តោយផ្លូវជាតិលេខ ៥ និងនៅជិតរង្វង់មូល ប៉ោយប៉ែតមានតម្លៃចាប់ពី ៨០០ដុល្លារ ទៅ ១,០០០​ ដុល្លារ/ម៉ែត្រការ៉េ។

ដីនៅជិតតំបន់កាស៊ីណូ នៅជិតព្រំដែនបច្ចុប្បន្នមានតម្លៃ ១,៣០០ ដុល្លារ ទៅ ១,៥០០ ដុល្លារ/ម៉ែត្រការ៉េ ដែលពីមុនមានតម្លៃត្រឹមតែ ៣០០ ដុល្លារ ទៅ ៥០០ ដុល្លារ/ម៉ែត្រការ៉េ ប៉ុណ្ណោះ។

លំហូរចូលនៃជនជាតិចិនក៏ជាកត្តាសំខាន់មួយ ដែលជម្រុញត​ម្លៃដីនៅប៉ោយប៉ែតឲ្យកើនឡើង។ វិនិយោគិនចិន កំពុងសំឡឹងមើលសក្តានុពលវិនិយោគ និងស្វែងរកទិញដីសម្រាប់ការវិនិយោគ នៅពេលអនាគត។​ សព្វថ្ងៃមានជនជាតិជិតដែលកំពុងរស់នៅ ធ្វើការ និងបណ្តាក់ទុកវិនិយោគជាង ១០,០០០ នាក់ នៅក្នុងក្រុងប៉ោយប៉ែត​ ហើយចំនួននេះត្រូវបានគេរំពឹងថាកើនឡើងដល់ ២០,០០០ នាក់នៅឆ្នាំ ២០១៩ ខាងមុខ។​

បើតាមការឲ្យដឹងពីលោក ស៊ានហូ «សណ្ឋាគារធំៗភាគច្រើននៅប៉ោយប៉ែតត្រូវបានជួលដោយចិន​»។ ទាំងលោក ស៊ានហូ និងលោក Roy បានបង្ហាញទស្សនៈដូចគ្នាថា វិនិយោគិនចិនបានដើរតួជាផ្នែកដ៏ សំខាន់មួយ សម្រា​ប់កំណើននៃតម្លៃអចលនទ្រព្យ និងវិស័យអចលនទ្រព្យទាំងមូល។

លោក Roy បានឲ្យដឹងទៀតថា វត្តមានរបស់ជនជាតិចិនបានធ្វើឲ្យមានតម្រូវការកាន់តែច្រើន ហើយការជួលក៏បានកើនឡើងច្រើន។ លោកថា ផ្ទះល្វែងនៅតាមផ្លូវធំ មួយចំនួន ដែលពីមុនអាចជួលបានក្នុងតម្លៃចន្លោះពី ១៥០​ ដុល្លារ ទៅ ២០០ ដុល្លារ/ខែ បច្ចុប្បន្ននេះអាចជួល បានពី ៦០០ ដុល្លារទៅ ៨០០ ដុល្លារ/ខែ។ ផ្ទះល្វែងតាមបណ្តោយផ្លូវតូចៗ ដែលពីមុនអាចជួលបានក្នុងតម្លៃតិចជាង ១៥០ ដុល្លារ/ខែ បច្ចុប្បន្ននេះអាចជួលបានពី ៣៥០ ដុល្លារ ទៅ ៤០០ ដុល្លារ/ខែ។

Source From: https://business-cambodia.com/2018/08/31/poipet-become-new-real-estate-investment/

Leave a Reply

Your email address will not be published. Required fields are marked *