News

Check out real estate news updates

ក្រសួង នឹង​ចាត់​វិធាន​ការ​ចំពោះ​ជនរៀបចំឡូតិ៍តំបន់អភិវឌ្ឍន៍ ឡង វុទ្ធី

ក្រសួងបរិស្ថាន បាន​ឲ្យដឹងថា កន្លងមក មានការ​ប្រកាស​ផ្សព្វផ្សាយ​ការ​រៀប​ចំដីឡូតិ៍តំបន់អភិវឌ្ឍន៍ ឡុង វុទ្ធី ដែល​មាន​ទំហំ​ផ្ទៃដី ៤៩ ៦០០ ម៉ែត្រការ៉េ មានទីតាំងនៅ​ក្នុង​ភូមិ​ភ្នំ​ដំបង ឃុំសន្តិភាព ស្រុក​សំឡូត ខេត្ត​បាត់ដំបង ជា​តំបន់​ស្ថិត​នៅក្នុងតំបន់ការពារធម្មជាតិ (តំបន់ប្រើប្រាស់ច្រើនយ៉ាង​សំឡូត) ដែល​បាន​កំណត់ដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣។

យោង​តាម​ច្បាប់​ស្ដី​ពី​តំបន់​ការ​ពារ​ធម្មជាតិ ដី​តំបន់​ការពារ​ធម្មជាតិ គឺ​ជាដីសាធារណៈរបស់រដ្ឋ ដែល​មិន​អនុញ្ញាត​ឱ្យ​កាប់រាន ទន្ទ្រានកាន់កាប់ លក់ដូរ​បាន​ឡើយ និង​មិន​អាច​ស្ថិត​នៅ​ក្រោម​ការ​កាន់​កាប់​ដោយ​លទ្ធកម្ម​ពិសេស​នៃ​ភោគៈឡើយ។ ការ​ចាត់ចែងលក់ដូរដី សា ធារ ណៈ​ របស់​រដ្ឋ​នៃ​តំបន់​ការពារ​ធម្មជាតិ គឺ​ជាបទល្មើសព្រហ្មទណ្ឌ ដោយអ្នកប្រព្រឹត្ត និងអ្នកជាប់​ពាក់ព័ន្ធ​ត្រូវ​ផ្តន្ទា​ទោស​ជាប់​ពន្ធ​នា​គារ និង​ត្រូវបានចាត់ចូលជាឧក្រិដ្ឋកម្ម ដូចមានចែងក្នុងច្បាប់ស្តីពីការប្រឆាំងសម្អាតប្រាក់ និង​ហិរញ្ញ​ប្បទានភេរវកម្ម។

ក្រសួងបានបន្តថា ដើម្បីជៀសវាងហានិភ័យជាយថាហេតុដែលបង្កឡើងដោយជនខិលខូច មុន​នឹង​ធ្វើការសម្រេចចិត្តទិញដី​ឡូត៍ខាងលើនេះ សូម​សាធារណជន​មេត្តា​យល់​ដឹង​នូវព័ត៌មាន​សំខាន់ៗ មួយ​ចំនួន​ដូចខាងក្រោម៖

១. ឈ្មោះ​ម្ចាស់អចលនទ្រព្យក្នុងវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យ (តើ​ជា​របស់​អ្នក​អភិវឌ្ឍ​គម្រោង​ពុះ​ដីឡូតិ៍លក់ ឫជារបស់អ្នកផ្សេង)

២. វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យ (មានជាប់បន្ទុក ឫអត់)

៣. លិខិតអនុញ្ញាតអភិវឌ្ឍដីដែលចេញដោយអាជ្ញាធរ ឬអង្គភាពមានសមត្ថកិច្ច (ដូចមានចែងក្នុង ប្រ​កាសលេខ០៨៧ ដ.ន.ស ប្រក/នីក. ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ស្តី​ពី​ការ​អភិវឌ្ឍ​ដី​របស់​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

៤. ឯកសារបង់ពន្ធអចលនវត្ថុ

៥. បណ្ណបំបែកក្បាលដី

៦. ខ្លឹមសារលម្អិតនៃកិច្ចសន្យាលក់-ទិញ។

ក្នុងន័យនេះ ក្រសួងបរិស្ថាន និងរដ្ឋបាលសាលាខេត្តបាត់ដំបង កំពុងចាត់វិធានការ ចំ​ពោះ​ជន​រៀប​ចំឡូតិ៍តំបន់​អភិវឌ្ឍ ឡង វុទ្ធី ទំហំផ្ទៃដីសរុប ៤៩ ៦០០ម៉ែត្រការ៉េ តាម​បញ្ញត្តិ​ច្បាប់​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ជាធរមាន និងអំពាវនាវ ដល់សាធារណជនកុំចូលរួមទិញ ឬ​ទទួល​យក​ចំណែក​ដី​ឡូត៍​ខាងលើនេះជាដាច់ខាត៕

More information visit: http://kleykley.sabay.com.kh/article/1165021#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *