News

Check out real estate news updates

ក្រសួង​ដែន​ដី​ បដិសេធ​ដោះស្រាយ​ដី​ទំនាស់​របស់​ពលរដ្ឋ ១៩៧ គ្រួសារ

ភ្នំពេញ: ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ម្សិលមិញបាន​បដិសេធ​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​ពលរ​ដ្ឋ​ចំនួន ១៩៧ គ្រួសារ មកពី​ភូមិ​តានី ភូមិ​ជីខ ភូមិ​ឈូក ក្នុង​ឃុំ​ជីខ​លើ និង​ដី​ក្នុងភូមិ​ចំបក់ ឃុំ​ជីខ​ក្រោម ស្រុកស្រែ​អំបិល ខេត្តកោះកុង ដោយ​អះអាងថា ពួកគាត់​ មិនមាន​ការពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី ហើយ​ស្នើ​ឲ្យ​សមត្ថកិច្ច​ចាត់​វិធានការ​តាម​ច្បាប់ ប៉ុន្ដែ​ពលរដ្ឋ​ថា អយុត្តិធម៌​សម្រាប់​ពួកគាត់។

តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី ចុះ​ថ្ងៃទី ០១ ខែ កក្កដា​​ បាន​​ឲ្យ​ដឹង​​ថា ប្រជាពលរដ្ឋ​សរុបចំនួន​ ៩៨៧ គ្រួសារ ដែលមាន​វិវាទ​ដីធ្លី​ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​ដាំ​ដំណាំ​អំពៅ​ ផលិត​ស្ករស​នាំចេញ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កោះកុង ត្រូវបាន​ដោះស្រាយ​រួច​ជាស្ថាពរ​ហើយ។

ក្រសួង​រៀបចំ​ដែនដី ​បន្តថា៖​ «ចំណែ​ក​​ប្រជាពលរដ្ឋ​ដែល​ឡើងមក​តវ៉ា​នៅ​ទីស្ដីការក្រសួង​រៀប​ចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃទី ០១ មិថុនា​ នេះ ដែល​អះអាងថា មាន​ចំនួន ១៩៧ គ្រួសារ តាមពិត​មិន​មាន​ការពាក់ព័ន្ធ​នឹង​ករណី​វិវាទ និង​មិន​ទទួល​ដោះស្រាយ​ទេ។ ហេតុនេះ សូម​អាជ្ញា​ធរ មាន​សមត្ថកិច្ច​ចាត់​វិធានការ​តាម​ផ្លូវ​​ច្បាប់»។

ប៉ុន្តែ អ្នកស្រី អិន ធូ អាយុ ៤០ ឆ្នាំ ដែល​អះ​អាង​ថា ជា​តំណាង​ពលរដ្ឋ​ទាំង ១៩៧ គ្រួសារ ដែ​ល​បាន​ដឹកនាំ​ពលរដ្ឋ​ជាង ១០០ នាក់ ​ឡើង​មក​តវ៉ា​នៅខាងមុខ​ក្រសួង​រៀបចំ​ដែនដីពី​ម្សិ​ល​​មិញ​​ថ្លែងថា ការ​ស​ម្រេ​ច​របស់​ក្រសួង​នេះ ពិតជា​អយុត្តិធម៌​សម្រាប់​ពួក​គាត់​។ អ្នកស្រី​ថា កន្លងមក​ពលរដ្ឋ​ខេត្ត​កោះ​កុង​មាន​ជំនឿ​ជឿ​ទុក​ចិត្ត​​លើ​លោក ជា សុផារ៉ា ប៉ុន្ដែ​ខណៈ​នេះ អ្នកស្រី​ពិត​ជា​ខកចិត្ត​ខ្លាំង​ណាស់។

អ្នកស្រី​អះអាង​ថា ប្រជាពលរដ្ឋ​ទាំង ១៩៧ គ្រួ​សារ បាន​កាន់កាប់ និង​អាស្រ័យ​ផល​ ធ្វើ​ស្រែ​ចម្ការ​ ជាក់ស្ដែង​ចាប់តាំងពី​ឆ្នាំ ១៩៩៣ ហើយ​មួយចំនួនទៀត​ មក​កាន់​កាប់​នៅ​ឆ្នាំ ១៩៩៥ ដោយមាន​ដាំ​ដំណាំ​ជាច្រើន​ប្រភេទ​ដូចជា ស្វាយ ខ្នុរ ចន្ទីរ ពោត ស្រូវ ឪ​ឡឹ​ក ចេក និង​ដំណាំ​រួមផ្សំ​ជាច្រើន​ទៀត។

លុះដល់​ឆ្នាំ ២០០៧ ក៏​លេចមុខ​ក្រុមហ៊ុន​ឧក​ញ៉ា ហេង ហ៊ុយ បានដាក់​គ្រឿងចក្រ​មក​ឈូសឆាយ និង​បំផ្លាញ​ផល​ដំ​ណាំ​​រប​ស់​អ្នក​ភូមិ​ខ្ទេចខ្ទី​អស់​គ្មាន​សល់ ព្រមទាំង​គំរាម​សម្លាប់ និង​ចាប់​ពលរដ្ឋ​ម្ចាស់​ដី​ដាក់គុក​ទៀតផង។

អ្នក​ស្រី​ អិន ធូ បញ្ជាក់ថា៖ «ក្រសួង​ធ្វើ​នេះ ពិតជា​អយុត្តិធម៌​សម្រាប់​ពួកខ្ញុំ​ណាស់ ពេល​ពួក​ខ្ញុំ​កំពុង​តវ៉ា​នៅមុខ​ក្រសួង មន្ត្រី​មក​ប្រាប់​ខ្ញុំ​ថា ទុកពេល​ឲ្យ​គាត់​មួយ​សប្ដាហ៍ ដល់ពេល​ពួក​ខ្ញុំ​ត្រឡ​ប់មកផ្ទះ​វិញ បែរជា​ក្រសួង​ចេញ​សេចក្ដី​ប្រកាសថា មិន​​ដោះស្រាយ​ឲ្យ​ទៅវិញ។ អ៊ីចឹង នៅ​សប្ដាហ៍​ក្រោយ ពួក​ខ្ញុំ​នឹង​ត្រឡប់មក​ម្ដងទៀត គឺ​មក​ដេក​នៅ​ក្រសួង​ហ្នឹង​តែម្ដង ព្រោះ​​ខ្ញុំ​អត់​មាន​ដី»។

តាម​ញត្តិ​របស់​ប្រជាពលរដ្ឋ​ដាក់​ទៅ​ក្រសួង​រៀបចំ​ដែនដី​ បញ្ជាក់ថា ប្រជាពលរដ្ឋ​ចំនួន ១៩៧ គ្រួសារ កំពុង មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ អេ​គ្រី​ខាល់​ឈ័​រ គ្រុប ចាប់តាំងពី​ឆ្នាំ ២០០៧ មក។ ញត្តិ​នេះ បញ្ជាក់ថា ដី​ដែលមាន​ជម្លោះ​នោះ​ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​តានី ភូមិ​ជីខ ភូមិ​ឈូក ក្នុង​ឃុំ​ជីខ​លើ និង​ដី​ក្នុងភូមិ​ចំបក់ ស្ថិត​នៅ​ក្នុង​ឃុំ​ជីខ​ក្រោម។

ក្នុង​ញ​ត្តិ​ដដែល​នេះ ប្រជាពលរដ្ឋ​បានស្នើ​សុំ​ឆ្វៀល​កាត់​ដី​ទំហំ ៤២១ ហិកតា ចេញពី​ដី​ទីតាំង​អនុវត្ត​គម្រោង​របស់​ក្រុម​ហ៊ុន ហេង ហ៊ុយ ដោយ​ប្រគល់​ឲ្យ​មក​ប្រជាពលរដ្ឋ​ធ្វើជា​កម្មសិទ្ធិ​វិញ។ ប្រជាពលរដ្ឋ​ក៏​ទាមទារ​សំណង​ចំនួន ៧ ពាន់​ដុល្លា​រ ក្នុង​ ១ គ្រួសារ​ផងដែរ។

លោក​ឧកញ៉ា ហេង ហ៊ុយ ម្ចាស់​ក្រុមហ៊ុន ហេង ហ៊ុយ អេ​គ្រី​ខាល់​ឈ័​រ គ្រុប ​មិនទាន់​អាច​ស្វែងរក​ប្រ​ភ​ព​​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ការចោទប្រកាន់​ពី​ពលរដ្ឋ​ទាំងនេះ​បានទេ កាល​ពី​ម្សិលមិញ។

ចំណែកលោក មាន ព្រហ្ម​មុនី មន្ត្រី​សម្របសម្រួល​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្សអាដហុក ប្រចាំខេត្ត​កោះកុង ​ថ្លែងថា ក្រសួង​មិនគួរ​ប្រញាប់​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​បដិសេធ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ពលរដ្ឋ​លឿន​បែបនេះ​ទេ គួរ​ចាត់​មន្ត្រី​ជំនាញ​ឲ្យ​ចុះ​ពិនិត្យ​ស្ថានភាព​​ជាក់ស្ដែង​ជាមុន​សិន។

លោក​បន្តថា ប្រជាពលរដ្ឋ​មានទុក្ខ​លំបាក ទើប​ពួកគាត់​រត់​​ទៅ​រក​អាជ្ញាធរ​ឲ្យ​ជួយ​ដោះស្រាយ ព្រោះ​ដីធ្លី​ជា​អាយុជីវិត​រប​ស់​​ពួកគាត់។ «តាម​ការសាកសួរ​រប​ស់​ខ្ញុំ គឺ​គាត់​ប្រាប់ថា ពួកគាត់​​ពិតជា​អ្នក​បាត់បង់​ដីធ្លី​មែនគឺ​គាត់​រងគ្រោះ​ដោ​យសារ​​ដី​សម្បទាន​នេះ។ អ៊ីចឹង​អាជ្ញាធរ​ត្រូវ​មក​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់​សិន ចាំ​សម្រេច​នៅ​ពេល​ក្រោយ ក៏​មិន​ទាន់​យឺត​ពេល​ដែរ»។

លោក​ សេង ឡូត អ្នក​នាំពាក្យ​ក្រសួង​​រៀប​ចំ​ដែន​ដី ​នគរូបនីយកម្ម​និងសំណង់​មិន​អាច​ទាក់​ទង​សុំ​អធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ៕

Source From: https://www.postkhmer.com/

Leave a Reply

Your email address will not be published. Required fields are marked *