News

Check out real estate news updates

ក្រសួងសាធារណការ និង​ក្រុមហ៊ុន​កូរ៉េ ចុះ​ MoU លើ​គម្រោង​ជាង​៣លាន​ដុល្លារ

កម្ពុជា និង​កូរ៉េ បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) លើ​គម្រោង​ដែល​មាន​ទឹក​ប្រាក់​ជាង ៣​លាន​ដុល្លារ​អាមេរិក (៣ ៣១៧ ៦៤០) ដើម្បី​ការងារ​ត្រួតពិនិត្យ និង​គាំទ្រ​ការ​អនុវត្ត​គម្រោង​កែ​លម្អ និង​លើក​កម្រិត​បណ្ដាញ​កំណាត់​ផ្លូវ​ជាតិ​លេខ​១ និង​ផ្លូវជាតិ​លេខ​៦។ ​ក្នុង​នោះ​ ភាគី​កូរ៉េ ទទួល​បាន​ជាង ២,៨​លាន​ដុល្លារ (២ ៨៨៤ ៩០៤)​។

ពិធី​ចុះ​អនុស្សរណៈ​នេះ ​ត្រូវ​បាន​ធ្វើឡើង ​ក្រោម​អធិបតីភាព​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ ជាមួយ​តំណាង​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស Korea Consultants International (KCI) កាលពី​ថ្ងៃ​ទី៣១ ខែ​តុលា ឆ្នាំ​២០១៨ នៅ​ទីស្ដីការក្រសួង។

សូម​ជម្រាប​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​ប្រាក់​កម្ចី​សម្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​លេខ. ៣៥៧៦-CAM (COL) ចំនួន ៧០​លាន​ដុល្លារ​អាមេរិក ដើម្បី​អនុវត្ត​គម្រោង​កែ​លម្អ និង​លើក​កម្រិត​បណ្ដាញ​ផ្លូវ​ជាតិ​លេខ១ ពី​គីឡូម៉ែត្រ​ ០៦៣+៣០០ ដល់​គីឡូ​ម៉ែត្រ ១៥៩+០០០ (អ្នក​លឿង-បាវិត) និង​ផ្លូវ​ជាតិ​លេខ ៦ ពី​គីឡូម៉ែត្រ ៣១៧+៦៣០ ដល់​គីឡូម៉ែត្រ ៣៦៧-៥១២ (ក្រុង​សៀមរាប-ក្រឡាញ់​) មាន​ប្រវែង​សរុប ១៤៥,៥៨ គីឡូម៉ែត្រ ពី​កម្រាល​កៅស៊ូ DBST ទៅ​កម្រាល​កៅស៊ូ AC ព្រមទាំង​ដាក់​លូ​សង​ខាង​ផ្លូវ​ដើម្បី​រំដោះ​ទឹក​ភ្លៀង​ផងដែរ។ គម្រោង​នេះ គ្រោង​ចំណាយ​ពេល​ ៥៤ខែ ពោល​គឺ រយៈ​ពេល​សាងសង់ ១៨​ខែ និង​ថែទាំ​រយៈ​ពេល ៣៦ខែ ដោយ​ចាប់ផ្ដើម​អនុវត្ត​ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៩ ដល់​ខែ​មិថុនា ឆ្នាំ​២០២៣។

​គម្រោង​កែ​លម្អ​បណ្ដាញ​ផ្លូវ​ថ្នល់​នេះ ក៏​មាន​ការ​ស្ថាបនា​មន្ទីរ​ពិសោធន៍​ចំនួន ៤កន្លែង នៅ​ខេត្ត​ក្រចេះ កំពត សៀមរាប និង​ពោធិ៍សាត់ ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​ក្រសួង ធ្វើ​ការ​ត្រួតពិនិត្យ​បច្ចេកទេស ការ​ស្ថាបនា​ផ្លូវ​ថ្នល់ ឲ្យ​មាន​កាន់តែ​មាន​គុណភាព​រឹងមាំ​ល្អ​៕

Source From: http://kleykley.sabay.com.kh/article/1099688#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *