News

Check out real estate news updates

ក្រសួងរៀបចំដែនដីស្នើសុំជំនួយពីស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងវិស័យសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានស្នើសុំស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងវិស័យសំណង់រួមគ្នាចូលរួមលើកកម្ពស់សុវត្ថិភាពការងារក្នុងវិស័យសំណង់។

កាលពីដើមខែតុលាឆ្នាំ២០១៨កន្លងមកនេះ លោក ជីវ ស៊ីវផេង ប្រធាននាយកដ្ឋានស្រាវជ្រាវបច្ចេកទេសសំណង់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអំពាវនាវស្ថាប័នពាក់ព័ន្ធទាំងអស់មេត្តាផ្តល់ជំនួយក្នុងការបោះពុម្ពសៀវភៅសុវត្ថិភាពសំណង់បន្ថែមទៀត។

ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីសុវត្ថិភាពការងារក្នុងវិស័យសំណង់ដែលបានសហការរៀបចំឡើងដោយអង្គការ CARE និងអង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្រ្តី (LSCW) លោក ជីវ ស៊ីវផេង បានស្នើសុំក្រុមហ៊ុនសំណង់ អង្គការសង្គមស៊ីវិល រួមទាំងភាគីពាក់ព័ន្ធទាំងអស់មេត្តាជួយបោះពុម្ព«សៀវភៅណែនាំអំពីសុវត្ថិភាពក្នុងការដ្ឋានសំណង់»ជាច្រើនច្បាប់បន្ថែមទៀតសម្រាប់ចែកជូនដល់កម្មករសំណង់នៅទូទាំងប្រទេស។

សៀវភៅណែនាំកម្រាស់៤៨ទំព័រគឺត្រូវបានចងក្រងឡើងដោយក្រសួងរៀបចំដែនដីក្រោមកិច្ចសហការជាមួយសមាគមអ្នកសាងសង់កម្ពុជា និងធនាគារ កាណាឌីយ៉ាក្នុងគោលបំណងជួយបង្កើនចំណេះដឹងអំពីសុវត្ថិភាពការជូនដល់កម្មករសំណង់។ សៀវភៅណែនាំចំនួន៨.០០០ច្បាប់បានបោះពុម្ពរួចហើយ ក្នុងនោះ  ៥០០០ច្បាប់ គឺត្រូវបានឧបត្ថមដោយសមាគមអ្នកសាងសង់កម្ពុជា និង ៣០០០ច្បាប់ទៀតគឺឧបត្ថមដោយធនាគារកាណាឌីយ៉ា។

លោក ជីវ ស៊ីវផេងបានបន្ថែមទៀតថា ក្រៅពីសៀវភៅណែនាំនេះ ក្រសួងក៏ត្រូវការឧបករណ៍ផ្សេងៗទៀតសម្រាប់ប្រើសម្រាប់ត្រួតពិនិត្យសុវត្ថិភាពការងារក្នុងវិស័យសំណង់ដែលបច្ចុប្បន្នកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា។

Leave a Reply

Your email address will not be published. Required fields are marked *