News

Check out real estate news updates

ក្រសួងរៀបចំដែនដីដាក់ចេញផែនការរឹតបណ្តឹងវិស័យដីធ្លីនិងសំណង់ក្នុងឆ្នាំ២០១៩

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានដាក់ចេញផែនការរឹត បណ្តឹងវិស័យដីធ្លីនិងសំណង់ក្នុងឆ្នាំ២០១៩ខាងមុខ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងចុះផ្សាយកាលពីថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៨ ។

សេចក្តីប្រកាសព័ត៌មានកម្រាស់៣ទំព័រស្តីអំពីលទ្ធផលការងារឆ្នាំ២០១៨ព្រមទាំងទិសដៅការងារក្នុងឆ្នាំ២០១៩បានបង្ហាញចំណុចសំខាន់ខ្លះៗដែលមានចំនួនរហូតដល់ទៅ២២ចំណុច ហើយក្រសួងក៏បានអនុវត្តដោយជោគជ័យក្នុងឆ្នាំ២០១៨ព្រមទាំងផែនការដែលនឹងត្រូវអនុវត្តបន្ត។

ក្នុងនោះផងដែរ ផែនការការងារក្នុងឆ្នាំ២០១៩ខាងមុខនេះ ក្រសួងរៀបចំដែនដីនឹងរឹតបណ្តឹងវិស័យដីធ្លីនិងសំណង់ដើម្បីធានានិរន្តរភាពនៃវិស័យទាំងនេះក៏ដូចជាបញ្ចៀសបញ្ហានិងជម្លោះសង្គមនានាដែលអាចនឹងកើតមានឡើង។

ចំពោះផែនការការងារដែលគួរឲ្យកត់សម្គាល់សម្រាប់វិស័យដីធ្លីនោះ ក្រសួងរៀបចំដែនដីបានស្នើឲ្យរដ្ឋបាលរាជធានី ខេត្ត បញ្ឈប់ការពិនិត្យ និងបញ្ជាក់លើឯកសារផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យមិនទាន់ចុះបញ្ជីណាដែលពុំមានភ្ជាប់គំនូសប្លង់ទីតាំងមាននិយាមការច្បាស់លាស់បញ្ជាក់ដោយរដ្ឋបាលសុរិយោដី។ បន្ថែមជាងនេះទៅទៀត ក្រសួងរៀបចំដែនដីតាមរយៈរដ្ឋបាលសុរិយោដីនឹងបញ្ឈប់ការចុះបញ្ជីដី និងចេញបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុសម្រាប់ការចុះបញ្ជីដំបូងតាមលក្ខណៈដាច់ដោយដុំដែលនេះគឺនឹងជំនួសដោយការចុះបញ្ជីនិងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុវិញ។ វិធានការនេះនិឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៩ ខាងមុខនេះតទៅ។

ចំណែកឯផែនការការងារសម្រាប់វិស័យសំណង់វិញ ក្រសួងរៀបចំដែនដីនឹងពង្រឹងការគ្រប់គ្រងវិស័យសំណង់តាមរយៈវិធានការតឹងរឹងក្នុងការត្រួតពិនិត្យ និងទប់ស្កាត់ការសាងសង់រំលោភលើដីសាធារណៈរបស់រដ្ឋ និងការសាងសង់គ្មានលិខិតអនុញ្ញាត ការសាងសង់ខុសលិខិតអនុញ្ញាត។ វិធានការនេះគឺធ្វើឡើងដើម្បីបញ្ចៀសការប៉ះពាល់ដល់សោភ័ណភាព សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន និងជាពិសេសសំដៅដល់ឆ្នេរសមុទ្រកម្ពុជា។

ទន្ទឹមនឹងនេះដែរ ក្រសួងរៀបចំដែនដីនឹងជំរុញបញ្ចប់សេចក្តីព្រាងច្បាប់ស្តីអំពីសំណង់ និងបទដ្ឋានគតិយុត្តគាំទ្រការងាររៀបចំដែនដី នគរូបនីយកម្ម សំណង់ លំនៅដ្ឋាន សុរិយោដី និងការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។

Source From: https://www.construction-property.com/khread-news-1563/

Leave a Reply

Your email address will not be published. Required fields are marked *