News

Check out real estate news updates

ក្រសួងរៀបចំដែនដីគ្រោងបង្កើតឲ្យមានការធ្វើបច្ចុប្បន្នភាពតម្លៃដីធ្លី

ស្របពេលដែលតម្លៃដីមានការឡើងថ្លៃខ្លាំងនៅទូទាំងប្រទេសក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់គ្រោងបង្កើតឲ្យមានការធ្វើបច្ចុប្បន្នភាពតម្លៃដីធ្លី នេះបើយោងតាមការចុះផ្សាយរបស់ sabay NEWS កាលពីថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៨។

ប្រភពដដែលបានឲ្យដឹងថា ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងធ្វើបច្ចុប្បន្នភាពផ្ទៃដី ដែលស្ថិតនៅក្នុងភូមិសាស្ត្រនៃការគ្រប់គ្រងរបស់អស់លោក ជាប្រធានភូមិបាលនៅតាមបណ្ដាខេត្តក្រុង»។

ឯកឧត្ដម ជា សុផារ៉ាបានបន្ថែមទៀតថា ការធ្វើបច្ចុប្បន្នភាពតម្លៃដីធ្លីគឺអាចនឹងធ្វើឡើងក្នុងរយៈពេលមួយឆ្នាំម្តងហើយវិធានការនេះនឹងអាចបង្កើនប្រាក់ចំណូលពន្ធទ្វេដងជូនរាជរដ្ឋាភិបាល។

ក្នុងន័យនេះដែរ ការធ្វើបច្ចុប្បន្នភាពតម្លៃដីធ្លីគឺនឹងដើរតួជាមូលដ្ឋានមួយសម្រាប់អគ្គនាយកដ្ឋានពន្ធដារធ្វើការកំណត់អត្រាពន្ធឲ្យបានសមស្របទៅនឹងតម្លៃដីនៅក្នុងទីផ្សារអចលនទ្រព្យដែលបច្ចុប្បន្នកំពុងមានសន្ទុះយ៉ាងខ្លាំង។

ទន្ទឹមនឹងនេះដែរ ថ្មីៗនេះរាជរដ្ឋាភិបាលបាននិងកំពុងសិក្សាទៅលើការបន្ថែមអត្រាពន្ធប្រថាប់ត្រាលើអចលនទ្រព្យ (ការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិអចលនទ្រព្យ) ព្រោះថាអត្រានាពេលបច្ចុប្បន្នគឺនៅទាបនៅឡើយ។ ជាក់ស្តែង កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុធ្វើការពិនិត្យឡើងវិញនូវអត្រាពន្ធប្រថាប់ត្រាលើអចលនទ្រព្យ។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នពន្ធសំខាន់ៗទៅលើអចលនទ្រព្យដីធ្លីនៅកម្ពុជារួមមាន៖ ពន្ធប្រថាប់ត្រា ៤ ភាគរយ និងពន្ធប្រចាំឆ្នាំ ០.០១ ភាគរយនៃតម្លៃដីធ្លី។

Source From: http://www.construction-property.com/khread-news-1451/

Leave a Reply

Your email address will not be published. Required fields are marked *