News

Check out real estate news updates

ក្រសួងនឹងផ្តោតលើការងារសំណង់និងអចលនទ្រព្យតាមរយៈកម្មវិធីអង្គការសហប្រជាជាតិ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងជំរុញការផ្តោតការយកចិត្តទុកដាក់ទៅលើការនាំយកឱកាសការងារសមរម្យ និងការងារប្រកបដោយផលិតភាពជាងមុនដល់យុវជនកម្ពុជា ក្នុងវិស័យសំណង់ និងអចលនទ្រព្យ តាមរយៈកម្មវិធីរួមគ្នាថ្មីមួយជាមួយនឹងអង្គការសហប្រជាជាតិ។

ក្រសួងការងារ និងអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៥ ខែកក្កដា បានព្រមព្រៀងបន្តអនុវត្តគម្រោង «រួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា» សម្រាប់រយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៤ បន្ទាប់ពីកម្មវិធីនេះ ត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ ២០១៧ ។ កម្មវិធីនេះមានគោលបំណងអនុញ្ញាតឱ្យយុវជនកាន់តែទទួលបានឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពជាងមុន ដែលជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។

ជាមួយនឹងកម្មវិធីការងាររួមគ្នានេះដែរ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអំពាវនាវឱ្យមានការផ្តោតការយកចិត្តទុកដាក់ទៅលើវិស័យសំខាន់ៗដែលកំពុងជំរុញទីផ្សារការងារនៅកម្ពុជា។

ឯកឧត្តមបានថ្លែងនៅលើទំព័រហ្វ៊េសប៊ុកក្រសួងការងារថា៖ «បច្ចុប្បន្ន កម្ពុជាបានលេចឡើងនូវកំណើនការងារលើវិស័យមួយចំនួន ដូចជា សំណង់ ទេសចរណ៍ សហគ្រិនភាព អចលនទ្រព្យ កសិឧស្សាហកម្ម ដែលទាមទារឱ្យការអនុវត្តគម្រោងថ្មីនេះ ត្រូវផ្ដោតយ៉ាងសំខាន់ទៅលើវិស័យទាំងនេះសម្រាប់យុវជន»។

ជាមួយនឹងកំណើនវិនិយោគយ៉ាងសន្ធឹកសន្ធាប់ជារៀងរាល់ឆ្នាំ ទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា វិស័យសំណង់តែមួយបានផ្តល់ការងារដល់កម្មករពីចន្លោះ ៦៩ ៤០០ ទៅ ៦៩ ៥០០ នាក់ក្នុងមួយថ្ងៃ។ ក្នុងនោះដែរ កម្មករជំនាញទទួលបានប្រាក់ចំណូលពី ១០ ទៅ ១៥ ដុល្លារអាមេរិកក្នុងមួយថ្ងៃ ខណៈដែលកម្មករគ្មានជំនាញទទួលប្រាក់ចំណូលពី ៧.៥ ទៅ ១០ ដុល្លារដុល្លារអាមេរិកក្នុងមួយថ្ងៃ។

ទោះបីជាវិស័យសំណង់ និងអចលនទ្រព្យមានចំណែកប្រមាណជា ១៥ ភាគរយនៃទីផ្សារការងារសរុប (អានបន្ថែម) វិស័យទាំងនេះ ទាមទារឱ្យមានបុគ្គលិកវិជ្ជាជីវៈជាន់ខ្ពស់បន្ថែមទៀត។

ថ្លែងនៅក្នុងវគ្គបណ្តុះបណ្តាលកាលពីខែឧសភាកន្លងទៅនេះ អ្នកស្រី ប្រាក់ បញ្ញា នាយិកាវិទ្យាស្ថានអប់រំផ្នែកសំណង់ និងអចលនទ្រព្យ វិទ្យាស្ថានបច្ចេកទេស រ៉ូយ៉ាល់ ឆាតធឺ (RCI) បានមានប្រសាសន៍ថា៖ «យើងមានកម្មករ ក៏ប៉ុន្តែ យើងនៅមានតម្រូវការខ្ពស់អ្នកដែលមានជំនាញជាន់ខ្ពស់»។

More information visit: https://www.construction-property.com/khread-news-1965/

Leave a Reply

Your email address will not be published. Required fields are marked *