News

Check out real estate news updates

ក្រសួងដែនដី ព្រមានចាត់ការអ្នកលក់ដីឡូតិ៍តាមច្បាប់ ករណីលក់ដីឡូតិ៍ខ្យល់

(ភ្នំពេញ)៖ លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការគណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មថ្នាក់ជាតិ បានអះអាងថា មន្រ្តីជំនាញក្រសួងរៀបចំដែនដី នឹងចាត់វិធានការតាមផ្លូវច្បាប់ លើអ្នកលក់ដីឡូតិ៍ទាំងឡាយ ករណីលក់ដីឡូតិ៍ខ្យល់ ឬលក់ដីឡូតិ៍ដែលមិនបានចុះបញ្ជីត្រឹមត្រូវ។

ការព្រមានរបស់មន្ត្រីជាន់ខ្ពស់រូបនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ ប្រកាសស្តីពីការអភិវឌ្ឍដី បន្ទាប់ពីការពុះដីឡូតិ៍លក់ ហាក់មានភាពអនាធិបតេយ្យយ៉ាងខ្លាំង និងមិនត្រូវត្រូវតាមច្បាប់។

លោក ប៉ែន សុផល បានថ្លែងថា ឥឡូវនេះក្រសួងរៀបចំដែនដី បានអនុម័តប្រកាសការអភិវឌ្ឍដីនេះហើយ ហើយប្រកាសនេះ ក៏ត្រូវបានដាក់ឲ្យអនុវត្តផងដែរ។ លោកបន្តថា បន្ទាប់ពីប្រកាសនេះ​ត្រូវបានអនុវត្ត ការអភិវឌ្ឍដីទាំងអស់រួមទាំងការពុះដីឡូតិ៍ ជាគម្រោងមួយនៅក្នុងការអភិវឌ្ឍដី ក៏ត្រូវតែសុំច្បាប់ អនុញ្ញាតពីក្រសួងរៀបចំដែនដី ឬក៏ពីសាលារាជធានី-ខេត្ត ឬក៏ពីសាលាក្រុង-ស្រុក-ខណ្ឌ ទៅតាមទំហំសមត្ថកិច្ច។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងប្រកាសហើយនឹងបទដ្ឋានគតិយុត្តិជាច្រើនទៀត របស់ក្រសួង ទីមួយវាជាបទដ្ឋានគតិយុត្ត ទាក់ទងទាំងអស់ ទាំងវិស័យឯកជន និងវិស័យវិជ្ជាជីវៈ ហើយគ្រប់ទាំងសាធារណៈ និងឯកជន ត្រូវតែគោរពតាមគោលការណ៍ច្បាប់ និងបទដ្ឋានគតិយុត្ត ជាធរមាន។ ក្នុងករណី ដែលយើងមិនគោរពតាមក្រសួង គឺមានតែការដាក់ទណ្ឌកម្ម»

ក្រៅពីការព្រមានដាក់ទណ្ឌកម្ម ដល់អ្នកលក់ដីឡូតិ៍បោកប្រាស់ហើយនោះ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី បានអំពាវនាវ ឲ្យអ្នកទិញដីទាំងអស់ ត្រូវតែពិនិត្យឲ្យបានច្បាស់លាស់ថា ដីដែលខ្លួនត្រូវទិញនោះ ជាដីដែលមានការចុះបញ្ជីច្បាស់លាស់ និងមិនមែនជាដីដែលបានលក់រួចហើយ។

លោក​ ប៉ែន សុផល បានបញ្ជាក់ទៀតថា «អញ្ចឹងហើយបានជាក្រសួង សូមអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ ជាទូទៅច្បាប់ភូមិបាលបានកំណត់ច្បាស់លាស់។ ជាគោលការណ៍ច្បាប់ភូមិបាល បានផ្តល់កម្មសិទ្ធិ ហើយរាជរដ្ឋាភិបាលបាន រៀបចំប្រព័ន្ធចុះបញ្ជី ទីមួយមានការចុះបញ្ជីជាប្រព័ន្ធ បន្ទាប់មកគោលដៅអនុវត្ត នូវទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយទី២ការចុះបញ្ជីដាច់ដោយឡែក។ អញ្ចឹងប្រជាពលរដ្ឋទាំងអស់ ត្រូវតែពិនិត្យមើលមុននឹងទិញ ថាដីនោះពិតជាមានការចុះបញ្ជីត្រឹមត្រូវ ហើយជាដីរបស់អ្នកដែលបានលក់ ពិតប្រាកដឬអត់»

លោកបន្តថា «ជាទូទៅតាមច្បាប់ អ្នកដែលយកដីខ្លួនទៅលក់ឲ្យអ្នកនេះ ហើយលក់ឲ្យអ្នកនោះទៀត (ដីតែមួយលក់ច្រើនដង) ត្រូវមានទោស ទាំងច្បាប់ភូមិបាល ហើយនឹងក្រុមព្រហ្មទណ្ឌក៏មានចែងដែរ។ អញ្ចឹង នេះជាការអនុវត្តតាមច្បាប់ អ្នកដែលទៅទិញត្រូវ មើលឲ្យបានត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេស ទាំងអស់»

Leave a Reply

Your email address will not be published. Required fields are marked *