News

Check out real estate news updates

កំណើន​ទិញ​លក់​អចលនទ្រព្យ​ធ្វើ​ឱ្យ​ការ​ប្រមូល​ពន្ធ​ប្រថាប់ត្រា​កើនឡើង​ខ្ពស់

រាជធានី​ភ្នំពេញ​៖ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ការ​ទិញ​លក់​អចលនទ្រព្យ​នៅ​តែ​មាន​កំណើន​ខ្ពស់​ដដែល ជា​ពិសេស​ការ​ទិញ​លក់​ដី​ឡូត៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ដំបូង​ឡើយ​មាន​តែ​នៅ​តំបន់​ជុំវិញ​រាជធានី​ភ្នំពេញ តែ​ក្រោយមក​ក៏​បាន​សាយភាយ​ទៅ​តំបន់​ជា​ច្រើន​ទៀត​តាម​បណ្ដា​ខេត្ត​សក្ដានុពល​ដូច​ជា ខេត្ត​ព្រះ​សីហ​នុ ខេត្តកំពត ខេត្តសៀមរាប ត្បូងឃ្មុំ កំពង់ចាម​ជាដើម ។

ដោយសារ​តែ​កំណើន​នៃ​ការ​ទិញ​លក់​អចលនទ្រព្យ​ទាំងនេះ បាន​ធ្វើ​ឱ្យ​ចំណូល​ពន្ធ​ប្រថាប់ត្រា​មាន​កំណើន​ខ្ពស់​រហូត​ដល់ ៥០ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ២០១៨ កន្លង​ទៅ ។

បើ​តាម​លោក គង់ វិបុល ប្រតិភូ​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​មាន​ប្រសាសន៍​ថា កំណើន​ប្រាក់​ចំណូល​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បាន​ក្នុង​រយៈពេល ៦ ខែ​នេះ​មួយ​ចំណែក​ក៏​បាន​មក​ពី​កំណើន​ពន្ធ​ប្រថាប់ត្រា​ពី​ការ​ទិញ​លក់​អចលនទ្រព្យ​ដែរ ដែល​ពន្ធ​ប្រថាប់ត្រា​នេះ​មាន​កំណើន​រហូត​ដល់ ៥០ ភាគរយ​ឯណោះ​ក្នុង​រយៈពេល ៦ ខែ​ដើមឆ្នាំ ២០១៩ នេះ ។

លោក​បន្ត​ថា​កំណើន​ពន្ធ​ប្រថាប់ត្រា​ដែល​បាន​មក​ពី​ទិញ​លក់​អចលនទ្រព្យ​នេះ​ដែរ គឺ​វា​បាន​បង្ហាញ​យ៉ាង​ជាក់ច្បាស់​ពី​ជំនឿ​ទុកចិត្ត​របស់​វិនិយោគិន​មក​លើ​ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច​របស់​កម្ពុជា បើ​មិន​មានការ​ទិញ​លក់​នោះ​ទេ​ពន្ធ​ក្នុង​វិស័យ​នេះ​ក៏​មិន​មាន​កំណើន​ខ្ពស់​ដូចនេះ​ដែរ ។ លោក​ថា​៖« ខ្ញុំ​សូម​បញ្ជាក់​ថា​ពន្ធ​ប្រថាប់ត្រា​នេះ​ដែរ គឺជា​ប្រភេទ​ពន្ធ​ត្រូវ​បង់​ជូន​រដ្ឋ ក្នុង​ពេល​មានការ​ទិញ​លក់ ដោយ​ធ្វើការ​ផ្ទេរ​កម្ម​សិ​ទិ្ធ​ពី​ម្ចាស់​មួយ​ទៅ​ម្ចាស់​មួយទៀត ។ ចំណូល​ពន្ធ​នេះ​បាន​កើនឡើង​ក៏​ដោយសារ​តែ​ការ​កើនឡើង​នៃ​តម្លៃ​អចលនទ្រព្យ​ដែរ ជាក់ស្ដែង​តម្លៃ​ដី​មួយ​កន្លែង​ពី​មុន​ត្រឹមតែ ៥០ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​កា​រ៉េ បាន​ឡើង​ដល់ ៥០០ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​កា​រ៉េ ដូច្នេះ​ហើយ​ទើប​ប្រាក់​ចំណូល​ពន្ធ​ពី​វិស័យ​នេះ​បាន​កើនឡើង​ខ្ពស់​» ។

បើ​តាម​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពន្ធ​ប្រថាប់ត្រា​នឹង​នៅ​រក្សា​កម្រិត​ដដែល មាន​ន័យ​ថា​ពី​មុន​ពន្ធ​នេះ រដ្ឋ​កំណត់​យក​ត្រឹម ៤ ភាគរយ​នៃ​តម្លៃ​អចលនទ្រព្យ ហើយ​បច្ចុប្បន្ន​ក៏​នៅ​តែ ៤ ភាគរយ​ដដែល តែ​សម្រាប់​បច្ចុប្បន្នភាព​នៃ​តម្លៃ​អចលនទ្រព្យ​ថ្មី ដែល​ក្រសួង​ទើបនឹង​រៀបចំ​នឹង​ត្រូវ​អនុវត្តន៍​ជា​ថ្មី​នៅ​ក្នុង​កក្កដា ២០១៩ នេះ ។

លោក ម៉ា​ន់ ច័ន្ទ​ឌី អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​លើក​ឡើង​ថា ការ​ទិញ​លក់​ដីធ្លី ជា​ពិសេស​ដី​ឡូត៍​ក៏​ជា​អាច​ផ្ដល់​ចំណូល​ជូន​រដ្ឋ​បាន​មួយ​ចំនួន​ផង​ដែរ តាម​រយៈ​ការ​បង់ពន្ធ​ជូន​រដ្ឋ ទៅ​លើ​ការ​ផ្ទេរកម្មសិទ្ធិ​ក៏​ដូច​ជា​កាត់ឈ្មោះ​នេះឯង ដូច្នេះ​លក់​កាន់តែ​ច្រើន​ចំណូល​ពន្ធ​ដល់​រដ្ឋ​កាន់តែ​ច្រើន ។លោក​បន្ត​ថា ក្រៅពី​បាន​ចំណូល​ជូន​រដ្ឋ​ហើយ​នោះ វា​ក៏​បាន​ជួយ​ច្រើន​ដល់​ប្រជាពលរដ្ឋ​ដែល​ចង់បាន​ដី​សម្រាប់​ទុក​សង់ផ្ទះ​នៅ​ពេល​អនាគត ។ ដី​ឡូត៍​ជា​ច្រើន​ដែល​កំពុង​ដាក់​លក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ភាគច្រើន​បាន​សម្រួល​ដល់​ជីវភាព​អ្នកទិញ ជា​ពិសេស​អ្នក​ដែល​មាន​ចំណូល​ទាប និង​មធ្យម ហើយ​ពួក​គាត់​អាច​មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​ទិញ​ដី​ទាំងនោះ ដោយ​បង់​រំលស់​ទៅ​ម្ចាស់​គម្រោង​វិញ​ជា​ប្រចាំខែ ។ ដូច្នេះ​ប្រជាពលរដ្ឋ​មិន​ចាំបាច់​យក​លុយ​ទាំង​ដុល​ទៅ​វិញ​នោះ​ទេ ពួក​គាត់​អាច​បង់​រំលស់​ប្រចាំខែ​ហើយ​ទុក​លុយ​ត្រៀម​សង់ផ្ទះ​ស្នាក់​នៅ​បាន ពេល​ដែល​មាន​លទ្ធភាព​គ្រប់គ្រាន់ ។

លោក ចេ សុ​ន អ្នកលក់​ដី​ឡូត៍​មួយ​កន្លែង​នៅ​ខាងលិច​រាជធានី​ភ្នំពេញ​ក៏​បានឱ្យ​ដឹងផង​ដែរ​ថា ក្នុង​មួយ​ខែ​ៗ​លោក​បាន​បង់ពន្ធ​ជូន​ទៅ​រដ្ឋ​មិន​តិច​ទេ ពី​ការ​កាត់ឈ្មោះ និង​ផ្ទេរកម្មសិទ្ធិ​ជូន​អតិថិជន ដូច្នេះ​បើសិនជា​គម្រោង​លក់​ដី​ឡូត៍​ទូ​ទាំង​ប្រទេស​ស្របច្បាប់ និង​បាន​បំពេញ កាតព្វកិច្ច​ត្រឹមត្រូវ​នោះ លោក​ជឿ​ថា​ប្រទេស​ជាតិ​នឹង​ទទួល​បាន​ចំណូល​បន្ថែម​ពី​វិស័យ​នេះ​ដើម្បី​អភិវឌ្ឍន៍​ប្រទេស ។

គួរ​បញ្ជាក់​ថា ក្នុង​រយៈពេល ៦ ខែ​នេះ​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ពន្ធ​បាន ១.៥២៦ លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជិត ៣០ ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០១៨ កន្លង​ទៅ​នេះ ។ ក្នុង​រយៈពេល ៦ ខែ​ឆ្នាំ ២០១៩ នេះ​ចំណូល​ពន្ធ​សំខាន់​ៗ​បាន​មក​ពី​ការ​បង់ពន្ធ​លើ​ប្រាក់​ចំណូល ពន្ធលើប្រាក់បៀវត្ស​រ៍ ពន្ធ​អាករ​លើ​តម្លៃបន្ថែម អាករ​ពិសេស និង​ពន្ធ​ប្រថាប់ត្រា ដែល​មាន​កំណើន ៥០,៧ ភាគរយ ៕ កែសម្រួលដោយ ៖ សុឃាក់

More information visit: https://kohsantepheapdaily.com.kh/article/895699.html

Leave a Reply

Your email address will not be published. Required fields are marked *