News

Check out real estate news updates

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ខ្នាត​យក្ស មិន​អាច​បញ្ចប់​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​សិង្ហបុរី

ជំនួប​ចរចា​ស្ដីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ខ្នាត​យក្ស “ភាព​ជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​តំបន់ (RCEP)” មិន​អាច​ត្រូវ​បាន​បញ្ចប់ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​កំពុង​ធ្វើឡើង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី នោះ​ទេ។

លោក លី សៀនឡុង នាយករដ្ឋមន្រ្តី​សិង្ហបុរី​បាន​បញ្ជាក់​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន កាលពី​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ២០១៨ ម្សិលមិញ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏ធំ​បំផុត​ក្នុង​ពិភពលោក​នេះ​រំពឹង​ថា នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៩ ខាង​មុខ គឺ​អំឡុង​ពេល​ប្រទេស​ថៃ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ។ លោក​នាយករដ្ឋមន្រ្តី​សិង្ហបុរី​ថា ជំនួប​ចរចា​ស្ដីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ ត្រូវការ​ចំណាយពេល​ច្រើន​ជាង​ធម្មតា។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្ដីពី​កិច្ចព្រមព្រៀង​ភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​តំបន់ លោក លី សៀនឡុង ថា ប្រទេស​សមាជិក​ទាំង​១៦ បាន​កំពុង​ដោះស្រាយ​បញ្ហាប្រឈម​នានា នៃ​ការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ខ្នាត​យក្ស។ លោក​បន្ដ​ថា “ភាពស្មុគស្មាញ​ត្រូវរំពឹង​ថា យើង​គឺជាក្រុម​មួយ​នៃ​សេដ្ឋកិច្ច​ចម្រុះ។ សម្រាប់​ប្រទេស​យើង​មួយ​ចំនួន នេះនឹង​ក្លាយជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​លើកដំបូង​ជាមួយ​គ្នា”។

លោក​នាយករដ្ឋមន្រ្តី​សិង្ហបុរី​បន្ថែម​ថា “ប៉ុន្ដែ​នៅ​ពេល​បញ្ចប់ អត្ថប្រយោជន៍​នឹង​ផ្ដល់មកវិញកាន់តែ​ធំ​ដោយស្មើភាព… វានឹងបង្ហាញ​ពី​សក្ខីភាព​ច្បាស់លាស់ និង​រឹងមាំ​នៃ​ការ​ប្ដេជ្ញា​របស់​យើង​ចំពោះ​ពាណិជ្ជកម្ម​ពហុភាគី”។

ជាមួយ​នឹង​ការ​ចរចា​អស់​រយៈពេល ៦​ឆ្នាំ​មក​ហើយ​លើ​កិច្ចព្រមព្រៀង​នេះ លោក លី សៀនឡុង កត់សម្ដាក់​ថា ការ​បន្ដ​ពន្យារ​ពេល​នៃ​ការចរចា នឹង​នាំ​កិច្ចព្រមព្រៀង​ភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​តំបន់ ប្រឈម​នឹង​ការ​បាត់បង់​តម្លៃ និង​ការ​គាំទ្រ​ពី​ភាគី​ពាក់ព័ន្ធ ក៏ដូចជា​បាត់បង់​ឱកាស​ធំ​មួយ ដើម្បី​នាំ​អត្ថប្រយោជន៍​ដល់​អ្នក​វិនិយោគ និង​ប្រជាជន។

សូម​បញ្ជាក់​ថា កិច្ចព្រៀមព្រៀង​ភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​តំបន់ មាន​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០ និង​ប្រទេស​ដៃគូអាស៊ាន​ចំនួន​៦ មាន ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ដ្រាលី និង​ណូវែលហ្សេឡង់។ នៅ​ពេល​ចុះហត្ថលេខា កិច្ចព្រមព្រៀង​នេះ​នឹង​បង្កើត​ប្លុក​ពាណិជ្ជកម្ម​សេរី​ធំបំផុត​ក្នុង​ពិភពលោក និង​មាន​ផលិតផល​ក្នុង​ស្រុក​សរុប​រួម​គ្នា ស្មើ​នឹង​មួយ​ភាគ​បី​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក៕

Source From: http://kleykley.sabay.com.kh/article/1103429#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *