News

Check out real estate news updates

ការ​សាងសង់​ផ្ទះនៅ​សហរដ្ឋ​អាមេរិក ស្ទុះ​ងើប​ឡើង​វិញ​នៅ​ខែ​មករា

ក្រុង​វ៉ាស៊ីនតោនៈ ទិន្នន័យ​រដ្ឋាភិបាល​អាមេរិក​បាន​បង្ហាញ​​​កាល​ពី​ថ្ងៃ​សុក្រ​ថា ការ​សាងសង់​លំនៅឋាន​ថ្មី​នៅ​អាមេរិក​ បាន​កើន​ឡើង​​កាល​ពី​ខែ​មករា​ បន្ទាប់​ពី​មាន​ការ​មើល​ឃើញ​​ធ្លាក់​​ចុះ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។​

ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​​បាន​រាយការណ៍​ថា​ ការ​កើន​ឡើង​​សកម្មភាព​​នៅ​រដ្ឋ​ភាគ​ខាង​ត្បូង​ និង​​​​ភាគ​ឦសាន​ ដែល​ត្រជាក់​កម្រិត​ធម្មតា​ និង​រដ្ឋ​តំបន់ Midwest បាន​ជំរុញ​​ឲ្យ​ការ​សាងសង់​លំនៅឋាន​គ្រួសារ​​ទោល​កើន​ឡើង​ក្នុង​ល្បឿន​​​លឿន​បំផុត​​ក្នុង​​​ពេល ១​ ទសវត្សរ៍​សម្រាប់​​តំបន់​ទាំង​នេះ​។

ទន្ទឹម​នឹង​នេះ ការ​សុំច្បាប់​សាងសង់​ថ្មីៗ ដែល​ជា​សញ្ញា​មួយ​នៃ​ការ​ផ្គត់ផ្គង់​ក្នុង​ចំណោម​សញ្ញា​ជា​ច្រើន​​ បាន​បង្ហាញ​ការ​ផ្លាស់​ប្តូរ​ឆ្ពោះ​ទៅ​រក​ការ​សាងសង់​​អាផាតមិន​វិញ និង​បង្ហាញ​ពី​​ការ​ចុះ​ខ្សោយ​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ផ្នែក​លំនៅឋាន​គ្រួសារ​ទោល​​​ដ៏​សំខាន់។​

ការ​ចាប់​​ផ្ដើម​ការ​សាងសង់​លំនៅឋាន​សរុប​​បាន​កើន​ឡើង​ ១៨,៦​ ភាគរយ​ដល់ ១,​២៣ ​យូនីត ក្រោយ​ពី​កែ​តម្រូវ​តាម​រដូវ​កាល​រួច ដែល​លើស​ពី​ការ​ព្យាករ​របស់​ក្រុម​សេដ្ឋវិទូ។​

ការ​សាងសង់​​​លំនៅឋាន​គ្រួសារ​ទោល​បាន​កើន​ឡើង​ ២៥,​១ ​ភាគរយ​ដល់​អត្រា​ប្រចាំ​ឆ្នាំ​ ៩២៦ ០០០ យូនីត។​

ក្រុម​សេដ្ឋវិទូ​បាន​ឲ្យ​ដឹង​ថា ការ​ធ្លាក់​ចុះ​ភ្លាមៗ​កាល​ពី​ខែធ្នូ​ក្នុង​ការ​សាងសង់ ​ត្រូវ​បាន​ជំរុញ​ដោយ​ភាព​ចលាចល​នៅ​តំបន់​ហិរញ្ញវត្ថុ Wall Street ដែល​​បាន​កាត់​បន្ថយ​ទ្រព្យ​សម្បត្តិ​សុទ្ធ​របស់​ពលរដ្ឋ​​​អាមេរិក​។ តម្លៃ​ភាគហ៊ុន បាន​ស្ទុះ​ងើប​ឡើង​វិញ​ក្នុង​ចំណោម​ភាគហ៊ុន​ដែល​ខាតបង់​​ទាំង​នោះ។​

ការ​សុំ​ច្បាប់​សាងសង់​បាន​កើន​ឡើង​ ១,៤ ​ភាគរយ​ដល់​ ១,​៣៥​ យូនីត​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​រយៈ​ពេល ​៩ ខែ​ ​និង​លើស​ពី​ការ​រំពឹង​ទុក​របស់​ក្រុម​សេដ្ឋវិទូ​ផង​ដែរ​។​

ការ​សុំ​ច្បាប់​សាងសង់​សម្រាប់​​​លំនៅឋាន​ច្រើន​យូនីត បាន​កើន​ឡើង​ដល់​អត្រា​​ប្រចាំ​ឆ្នាំ​ ៤៨២ ០០០ យូនីត​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​របស់​ខ្លួន​​ ក្នុង​រយៈពេល ​១០ ខែ​ ប៉ុន្តែ​ការ​សុំ​ច្បាប់​អនុញ្ញាត​សាងសង់​លំនៅឋាន​គ្រួសារ​ទោល​បាន​ធ្លាក់​ចុះ ​២,១ ​ភាគរយ​ដល់​​កម្រិត​ទាប​​បំផុត​​ក្នុង​រយៈ​ពេល ១៧ ​ខែ​ក្នុង​អត្រា​​ប្រចាំ​ឆ្នាំ​ចំនួន ៨១២ ០០០ យូនីត។​

ភាព​ធ្លាក់​ចុះ​​ក្នុង​វិស័យ​លំនៅឋាន​កាល​ពី​ឆ្នាំ​មុន បាន​បណ្ដាល​​ឲ្យ​មាន​ការ​បារម្ភ​អំពី​​កំណើន​សេដ្ឋកិច្ច​អាមេរិក​​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​បាន​​​ឲ្យ​ដឹង​ថា តម្រូវ​ការ​ត្រូវ​បាន​រំពឹង​ថា នឹង​ស្ទុះ​​ងើប​ឡើង​វិញ​នៅ​ឆ្នាំ​នេះ ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​អត្រា​​ការ​ប្រាក់​កម្ចី​ទិញ​ផ្ទះ​ និង​ការ​សាងសង់​ស្ទុះ​ងើប​​ឡើង​វិញ៕​ AFP/LA​

Source From: https://www.postkhmer.com

Leave a Reply

Your email address will not be published. Required fields are marked *