News

Check out real estate news updates

ការ​ផ្គត់​ផ្គង់​ខុន​ដូ​លើស​តម្រូវ​ការ​នៅ​ បាង​កក ​ជា​កត្តា​បណ្តោះ​អា​សន្ន

ក្រុង​បាងកកៈ ក្រុម​អ្នក​វិភាគ​និង​ក្រុម​ហ៊ុន​អភិ​វឌ្ឍ​ន៍​បាន​ឲ្យ​ដឹង​ថា ​ការ​ផ្គត់​ផ្គង់​ខុន​ដូ​​លើស​​​​តម្រូវ​ការ ​កើត​​​មាន​​នៅ​​ទី​ក្រុង​បាង​កក និង​ខេត្ត​ជុំ​វិញ (Greater Bangkok) ប៉ុ​ន្តែ​នៅ​ទី​បំ​ផុត​ចំ​នួន​លើស​នេះ​​​នឹង​ធ្លាក់​​​ចុះ​វិញ​ នៅ​ពេល​​​ក្រុម​ហ៊ុន​អភិ​វឌ្ឍន៍​​ពន្យារ​ការ​សាង​សង់​ខុន​ដូ​ថ្មី​ៗ​​ក្នុង​តំ​បន់​ទាំង​នោះ។ នេះ​​បើ​យោង​តាម​កា​សែត​បាង​កក​ប៉ុស្តិ៍។

កា​សែត​បាង​កក​ប៉ុស្តិ៍​បាន​រាយ​ការណ៍​ដោយ​ដក​ស្រង់​សម្ដី​លោក Pornarit Chounchaisit ប្រ​ធាន​សមា​គម​អច​លន​ទ្រព្យ​ថៃ​​ ខណៈ​លោក​បាន​​ថ្លែង​ថា ​ចំ​នួន​លើស​ច្រើន​ហួស​តម្រូវ​ការ​នេះ​​មិន​មា​ន​នៅ​ទូ​ទាំង​​​ទី​ផ្សារ​ទេ។

លោក​ថ្លែង​ថា៖ «​​ពេល​ខ្លះ​ តម្រូវ​ការ​ទី​ផ្សារ​ខុន​ដូ​ជា​រួម​​​មាន​កំ​ណើន​ខ្ពស់​ជាង​ការ​ផ្គត់​ផ្គង់​ ហើយ​ពេល​ខ្លះ​ការ​ផ្គត់​ផ្គង់​​​​ខ្ពស់​ជាង​តម្រូវ​ការ​»។

លោក​​បន្ថែម​ថា៖ «​បើ​គេ​យក​តម្រូវ​ការ​ និង​ការ​ផ្គត់​ផ្គង់​ខុន​ដូ​មក​គូរ​​ជា​ក្រា​ហ្វិក​វិញ​​ យើង​នឹង​​ឃើញ​ថា​ ខ្សែ​បន្ទាត់​ចុះ​ឡើង​​​ច្រើន​ដង​ដូច​ផ្សារ​ហ៊ុន​អ៊ី​ចឹង​​។​ ប៉ុន្តែ​បន្ទាត់​​កាត់​ចុះ​ឡើង​ទាំង​នោះ​នឹង​ស្ថិត​​​ក្នុង​ទិស​​ដៅ​កើន​ឡើង​សម្រាប់​​រយៈ​ពេល​ច្រើន​ឆ្នាំ»។

លោក​ Pornarit ​បាន​ឲ្យ​ដឹង​ទៀត​​ថា ​ការ​ព្រួយ​បា​រម្ភ​​ពី​ការ​ផ្គត់​ផ្គង់​ខុន​ដូ​ច្រើន​លើស​តម្រូវ​ការ​នេះ ​នឹង​ចុះ​ថយ​វិញ​ពី​ព្រោះ​​​ទី​ផ្សារ​អាច​សម្រប​ខ្លួន​បាន​ ខណៈ​​​ក្រុម​ហ៊ុន​អភិ​វឌ្ឍន៍​កំ​ពុង​ចាប់​​ផ្តើម​ផ្អាក​សាង​សង់​គម្រោង​​ថ្មី​នៅ​កន្លែង​ដែល​មាន​​ការ​ផ្គត់​ផ្គង់​លើស។

កា​សែត​បាង​កក​ប៉ុស្តិ៍​បាន​ឲ្យ​ដឹង​ទៀត​​​​ថា ក្រុម​ហ៊ុន​អភិ​វឌ្ឍន៍​ជា​ច្រើន​បាន​ចាប់​ផ្តើម​យុទ្ធ​នា​​ការ​​​​ផ្សព្វ​ផ្សាយ​ពាក់​កណ្តាល​ឆ្នាំ​ ដើ​ម្បី​​បង្កើន​ការ​លក់​ខុន​ដូ​ដែល​មិន​​ទាន់​លក់​ចេញ​។ អ្នក​ខ្លះ​បាន​​បញ្ចុះ​តម្លៃ​រហូត​ដល់​ ១ លាន​​បាត ​(ប្រ​ហែល ៣ ម៉ឺន​ដុល្លារ) ឬ​ក៏​លើក​លែង​​ការ​បង់​ប្រាក់​​សម្រាប់​រយៈ​​ពេល​​ជាក់​លាក់​ណា​មួយ។

លោក ​Pornarit បន្ត​ថា៖ «ទី​ផ្សារ​ខុន​ដូ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំ​នួន​ដែល​ក្រុម​ហ៊ុន​អភិ​វឌ្ឍ​ន៍​បាន​ចាប់​ផ្តើម​​ផ្គត់​ផ្គង់​ថ្មី​ក្នុង​បរិ​មាណ​ច្រើន​កាល​ពី ​៥ ឆ្នាំ​មុន​ ឥឡូវ​នេះ​ហាក់​បាន​ប្រ​សើរ​ឡើង​វិញ​ហើយ។ ការ​ផ្គត់​ផ្គង់​ខុន​ដូ​នៅ​តាម​បណ្តា​ខេត្ត​ទាំង​នោះ​ត្រូវ​បាន​កាត់​បន្ថយ​​​បណ្តើរ​ៗ​ បន្ទាប់​ពី​គ្មាន​ការ​បន្ថែម​ការ​​ផ្គត់​ផ្គង់​ខុន​ដូ​ថ្មី»។

លោក Vichai Viratkapan អគ្គ​នា​យក​រង​​​មជ្ឈ​មណ្ឌល​ព័ត៌​មាន​អច​លន​ទ្រព្យ (REIC) បាន​ឲ្យ​ដឹង​ថា​ ​ក្នុង​តំ​បន់​ទី​ក្រុង​បាង​កក​ និង​ខេត្ត​ជុំ​វិញ ក្រុម​ហ៊ុន​អភិ​វឌ្ឍន៍​បាន​ពន្យារ​ការ​សាង​សង់​ខុន​ដូ​ថ្មី​ៗ​ ហើយ​ងាក​ទៅ​​ផ្តោត​លើ​ការ​លក់​ខុន​ដូ​ដែល​​មាន​ស្រាប់​សិន​។

លោក​បាន​បន្ត​ថា៖ «ក្រុម​ហ៊ុន​អភិ​វឌ្ឍន៍​កែ​តម្រូវ​យុទ្ធ​សាស្ត្រ​បាន​យ៉ាង​ឆាប់​រ​ហ័ស។ ពួក​គេ​បន្ថយ​ការ​សាង​សង់​ បន្ទាប់​ពី​​រក​ឃើញ​ថា​ ការ​ផ្គត់​ផ្គង​​និង​ការ ​ចុះ​បញ្ជី​ថ្មី​​មាន​ចំ​នួន​​ច្រើន»។

យោង​តាម​ការ​​ស្ទង់​មតិ​ទី​ផ្សារ​​របស់​មជ្ឈ​មណ្ឌល REIC បរិ​មាណ​​ផ្គត់​ផ្គង់​ខុន​ដូ​បែប​លំ​នៅ​ឋាន​ថ្មី​នៅ​ឆមាស​ទី​ ១​ ឆ្នាំ​ ២០​១៨ បាន​ធ្លាក់​ចុះ​​ ២៦,៧ ភាគ​រយ​ធៀប​នឹង​​ពេល​ដូច​គ្នា​នៅ​ឆ្នាំ​មុនមក​​ត្រឹម ​៤០,៥២៦​ យូ​នី​ត។ ​ចំ​ណែក​ឯ​តម្លៃ​បាន​ធ្លាក់​ចុះ​ ២០ ​ភាគ​រយ​ មក​​​ត្រឹម​ ៥,១៨ ពាន់​លាន​ដុល្លារ។

ទាំង​ការ​ផ្គត់​ផ្គង់​ខុន​ដូ​ និង​អគារ​កម្ពស់​ទាប​ៗ ​បាន​បង្ហាញ​​ពី​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅឆ​មាស​ទី ១ ​នេះ។ បរិ​មាណ​​​ផ្គត់​​ផ្គង់​ខុន​ដូ​​ធ្លាក់​ចុះ​ ១៧ ​ភាគ​​រយមក​​​ត្រឹម​ ២៥ ២៥២​ យូ​នី​ត​ ហើយ​​តម្លៃ​ផ្គត់​ផ្គង់​សរុប​បាន​ធ្លាក់​ចុះ ១៥,៥ ភាគ​រយ​មក​ត្រឹម ៣ ពាន់​លាន​ដុល្លារ។

ក្រុម​ហ៊ុន​អភិ​វឌ្ឍន៍​មួ​យ​ចំ​នួន​​បាន​បិទ​បាំង​ការ​ចាប់​ផ្តើម​គម្រោង​​សាង​សង់​ថ្មី​ៗ​ដោយ​ផ្លាស់​ប្តូរ​ការ​ផ្តោត​អា​រម្មណ៍​​ដើ​ម្បី​លក់​ខុន​ដូ​ដែល​មាន​ស្រាប់​​​ឲ្យ​អស់​សិន។ ក្រុម​ហ៊ុន​ខ្លះ​ចាប់​ផ្តើម​គម្រោង​សាង​សង់​ខុន​ដូ​តាម​ដំ​ណាក់​កាល​ដើ​ម្បី​ធា​នា​​ដល់​ការ​ស្រូប​យក​ការ​ផ្គត់​ផ្គង់៕ NS

Source From: https://www.postkhmer.com

Leave a Reply

Your email address will not be published. Required fields are marked *