News

Check out real estate news updates

មហាសេដ្ឋី​អង់គ្លេស​ទិញ​ផ្ទះ​តម្លៃ $៥៤ លាន ​នៅ​សិង្ហបុរី

សិង្ហបុរីៈ មហាសេដ្ឋី​អង់គ្លេស​លោក James Dyson បាន​ចំណាយ​ប្រាក់​ដែល​ត្រូវ​បាន​រាយការណ៍​ថា​មាន​ចំនួន ៥៤ លាន​ដុល្លារ ​សម្រាប់​ផ្ទះ​ប្រភេទ Penthouse ដែល​​​ថ្លៃ​ និង​ធំ​បំផុត​ក្នុង​ប្រទេស ​សិង្ហបុរី ពោល​​គឺ​ជា​លំនៅឋាន​មាន​ ​៣ ជាន់ ​ដែល​ស្ថិត​នៅ​លើ​​ដំបូល​​​​​អគារ​ខ្ពស់​ដ៏​ល្បី​មួយ និង​មាន​អាង​ហែល​ទឹក​ឯកជន និង​អាង​ងូត​ទឹក។

ក្រុមហ៊ុន​ផលិត​ឧបករណ៍​អេឡិច​ត្រូនិក​របស់​លោក​ដែល​មាន​ឈ្មោះ​ល្បី​ដោយសារ​ម៉ាស៊ីន​​បូមធូលី​ ម៉ាស៊ីន​សម្ងួត​ដៃ និង​កង្ហារ បាន​ប្រកាស​នៅ​ឆ្នាំ​នេះ​ថា ក្រុមហ៊ុន​កំពុង​ផ្លាស់ប្តូរ​ការិយាល័យ​កណ្តាល​ពិភព​លោក​របស់​ខ្លួន​ពី​ប្រទេស ​អង់គ្លេស ​ទៅ​កាន់​ប្រទេស ​សិង្ហបុរី ដើម្បី​ឲ្យ​ងាក​មក​កៀក​នឹង​​ទីផ្សារ​អាស៊ី។

ក្រុមហ៊ុន​ក៏​មាន​ផែនការ​ផលិត​​​រថយន្ត​អគ្គិសនី​នៅ​ទី​នោះ​​ដែរ ជា​ផ្នែក​មួយ​នៃ​ការ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​បន្ទាប់​ការ​សម្រេច​ចិត្ត​របស់​អង់គ្លេស​កាល​ពី​ឆ្នាំ ២០១៦ ចាក​ចេញ​​ពី​អឺរ៉ុប។

មហាសេដ្ឋី​​រូប​នេះ​បាន​ទិញ​​ផ្ទះ​ Penthouse ក្នុង​តម្លៃ​ជិត ៧៤ លាន​ដុល្លារ​សិង្ហបុរី (៥៤ លាន​​ដុល្លារ​អាមេរិក) ដែល​មាន​ទំហំ ១ ៩៦០ ម៉ែត្រការ៉េ។ នេះ​បើ​យោងតាម​សេចក្តី​រាយការណ៍​របស់​កាសែត Business Times របស់​សិង្ហបុរី ដោយមិន​ប្រាប់​​ប្រភព​ព័ត៌មាន។

ឯកសារ​កម្មសិទិ្ធ​​មួយ​ដែល​ទីភ្នាក់ងារ​ព័ត៌មាន AFP ទទួល​បាន បាន​ចុះ​ឈ្មោះ​លោក Dyson និង​ប្រពន្ធ​របស់​លោក​ឈ្មោះ Deirdre ជា​សហ​ម្ចាស់​កម្មសិទ្ធិ​លើ​​អចលនទ្រព្យ​ដែល​មាន​អាយុ​​កាល​ជួល ៩៩ ឆ្នាំ​នេះ ដោយ​ការ​លក់​បាន​ចុះ​បញ្ជី​នៅ​ថ្ងៃ​ទី​ ២០ ខែ​មិថុនា។

ក្រុមហ៊ុន​របស់​លោក​បាន​បញ្ជាក់​ថា លោក Dyson វ័យ ៧២ ឆ្នាំ​បាន​ទិញ​អចលនទ្រព្យ​មួយ​ក្នុង​ប្រទេស ​សិង្ហបុរី។

ផ្ទះ Penthouse ដ៏​ទំនើប​នេះ​​ ស្ថិត​នៅ​តំបន់ Wallich Residence និង​មាន ៣ ជាន់ ​ដែល​ស្ថិត​នៅ​ជាន់​ចុង​ក្រោយ​គេ​នៃ​​ដំបូល​អគារ Guoco Tower ដែល​មាន ៦៤ ជាន់ និង​​កម្ពស់ ២៦០ ម៉ែត្រ ​ដែល​ជា​អគារ​ខ្ពស់​ជាង​គេ​ក្នុង​ប្រទេស ​សិង្ហបុរី និង​ស្ថិត​នៅ​​​មជ្ឈមណ្ឌល​​ពាណិជ្ជកម្ម និង​អាច​មើល​ឃើញ​ទេសភាព​សមុទ្រ។

ផ្ទះ​នេះ​មាន ៥ បន្ទប់ ដោយ​បន្ទប់​នីមួយៗ​មាន​បន្ទប់​ទឹក សួន​ច្បារ និង​មាន​វេរ៉ង់ដា​សម្រាប់​មើល​​ទេសភាព​នៅ​ជាន់​ទី ៦២។ នេះ​បើ​យោងតាម​ឯកសារ​លក់​ផ្ទះ​នេះ។

ផ្ទះ​នេះ​ក៏​មាន​ជណ្តើរ​យន្ត​ឯកជន​មួយ​ផង​ដែរ។

ការ​ទិញ​លក់​នេះ​មាន​តម្លៃ​ថ្លៃ​បំផុត​សម្រាប់​ខុនដូ​នៅ​ក្នុង​ប្រទេស​ដី​កោះ​នេះ​ ជា​ទី​ដែល​តម្លៃ​​អចលនទ្រព្យ​ស្ថិត​ក្នុង​ចំណោម​​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ពិភព​លោក។ តម្លៃ​នេះ​មាន​កម្រិត​ខ្ពស់​ជាង​តម្លៃ​អចលនទ្រព្យ​ជិត ៦០ លាន​ដុល្លារ​សិង្ហបុរី ​ដែល​ចំណាយ​ដោយ​សហស្ថាបនិក​ក្រុមហ៊ុន​ Facebook លោក Eduardo Saverin ដើម្បី​​ទិញ​យក​ផ្ទះ penthouse មួយ​​​ក្នុង​ឆ្នាំ ២០១៧។ នេះ​បើ​យោង​តាម​កាសែត​ដដែល​នេះ។

ប៉ុន្តែ​តម្លៃ​នេះ​​ទាប​ជាង​តម្លៃ​អចលនទ្រព្យ​ ១០០ លាន​ដុល្លារ​​សិង្ហបុរី ​ដែល​ត្រូវ​បាន​ព្យាយាម​ចំណាយ​ដើម្បី​ទិញ​យក​ផ្ទះ​​ដែល​ស្ថិត​នៅ​តំបន់ Wallich នេះ​កន្លង​មក។

អ្នក​នាំពាក្យ​របស់​លោក Dyson ​បដិសេធ​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ការ​ទិញ​ផ្ទះ​នេះ ប៉ុន្តែ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា៖ «ដោយសារ​សេចក្តី​សម្រេច​ចិត្ត​ផ្លាស់​ប្តូរ​ការិយាល័យ​​កណ្តាល​ទៅ​កាន់​ប្រទេស ​សិង្ហបុរី និង​ការ​ផ្តល់​កាន់​តែ​ខ្លាំង​លើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​​ក្នុង​តំបន់​ ពិត​ណាស់​លោក James Dyson បាន​ទិញ​អចលនទ្រព្យ​មួយ​នៅ​ទី​នោះ»៕ AFP/KC

More information visit: https://www.postkhmer.com

Leave a Reply

Your email address will not be published. Required fields are marked *