News

Check out real estate news updates

ការ​ផ្គត់ផ្គង់​ការិយាល័យ​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ត្រីមាស​ទី២ ​ធ្លាក់ចុះ ​៣ ភាគរយ

ភ្នំ​ពេញ​: ការ​ផ្គត់ផ្គង់​ការិយាល័យ​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ត្រីមាសទី​២​ ឆ្នាំ ​២០១៩ នេះ បាន​ធ្លាក់​ចុះ ​៣ ​ភាគរយ ​បើ​ធៀប​នឹង​ត្រីមាស​ទី​១ ដោយសារ​​ការ​ដក​ចេញ​ប្រភេទ​ការិយាល័យ​កម្រិត ​C ពី​ទីផ្សារ​។ នេះ​​តាម​របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​សេវាកម្ម​​អចលនទ្រព្យ CBRE​ Cambodia​។​

តាម​របាយការណ៍​ CBRE Cambodia ការ​ផ្គត់ផ្គង់​ការិយាល័យ​កម្រិត​ ​C បាន​ថយ​ចុះ ពី ១៩០​ ៥៦៥ ម៉ែត្រ​ការ៉េ ក្នុង​​ត្រីមាស​ទី​១​ មក​នៅ ១៧៩ ៣០៩ ម៉ែត្រ​ការ៉េ ក្នុង​ត្រីមាស​ទី​​២​។

របាយការណ៍​ CBRE បង្ហាញ​ថា គិត​ត្រឹម​ត្រីមាស​ទី២ ឆ្នាំ​នេះ​អត្រា​កាន់​កាប់​ការិយាល័យ​សរុប​មាន​ចំនួន ៣៥៩ ០០០ ​​ម៉ែត្រ​ការ៉េ។

លោក​ស្រី អាន​ សុធីតា ​នាយិកា​​ក្រុមហ៊ុន​អចលនទ្រព្យ​ CBRE Cambodia បាន​ឲ្យ​ដឹង​ថា ការិយាល័យ​កម្រិត ​C ចំនួន ១១ ២៥៦​ ម៉ែត្រ​ការ៉េ ​ត្រូវ​ដក​ចេញ​ពី​ទីផ្សារ​។ លោក​ថ្លែង​​ថា៖ «​ការិយាល័យ​កម្រិត ​C ត្រូវ​បាន​​​ដក​ចេញ​ពី​ទីផ្សារ​ ដើម្បី​ធ្វើ​ការ​​កែលម្អ​​ទៅ​ជា​កម្រិត​ B វិញ​»។​

លោក ​ប៉ូ ​អ៊ាវគង់​ អគ្គ​នាយក​ក្រុមហ៊ុន ​អ៊ែត​វ៉ានស៍ រៀលអ៊ីស្ទេត​ សង្កេត​​​ឃើញ​ថា ការ​សាងសង់​អគារ​ពាណិជ្ជកម្ម​មាន​ការ​រីក​ដុះដាល​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

លោក​បញ្ជាក់​ថា​៖​ «​ទោះ​ជា​ការ​ធ្លាក់​ចុះ​​បន្តិច​នៃ​ការ​ផ្គត់ផ្គង់​ការិយាល័យ​ជួល តែ​​យើង​​ឃើញ​ថា​​មាន​ការ​សាងសង់​អគារ​សម្រាប់​ជួល​កើត​មាន​​ច្រើន​ ជាពិសេស​អគារ​​ធំៗ​ មាន​​អគារ​ជួល ​មាន​​ខុនដូ​ជួល​ ​ជាក់់​ស្តែង​យើង​ឃើញ​នៅ​​​កោះពេជ្រ​ និង​ Olympia​»។​​

បច្ចុប្បន្ន​នេះ​ការិយាល័យ​កម្រិត​ A ​មាន​តម្លៃ​​ចន្លោះ​ពី​ ២៥​ ទៅ ​៤០ ​ដុល្លារ ​ក្នុង​​មួយ​ម៉ែត្រ​ការ៉េ​ ហើយ​កម្រិត ​B ​មាន​​តម្លៃ​ចន្លោះ​ពី ​១២​ ទៅ​ ២៥ ​ក្នុង​មួយ​​ម៉ែត្រ​ការ៉េ​ ខណៈ​កម្រិត ​C មាន​តម្លៃ​​ចន្លោះ​ពី ​៨ ​ទៅ ​១២ ​ដុល្លារ​ក្នុង​មួយ​​ម៉ែត្រ​ការ៉េ។​

លោកស្រី សុធីតា ​បាន​ឲ្យ​ដឹង​​ថា ​ក្រុមហ៊ុន​ភាគ​ច្រើន​ជួល​ការិយាល័យ​ប្រភេទ B ​ដែល​មាន​​​ទំហំ​ជា​មធ្យម​ ១៥០​​ ម៉ែត្រ​ការ៉េ​ ព្រោះ​មាន​តម្លៃ​សមរម្យ​ និង​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​។​ លោកស្រី​ថ្លែង​​ថា​៖​ «​អ្នក​វិនិយោគ​បរទេស​​មក​​ជួល​ការិយាល័យ​ភាគ​ច្រើន​ជា​ក្រុមហ៊ុន​ធនាគារ​ មីក្រូ​ហិរញ្ញវត្ថុ​ ក្រុមហ៊ុន​​ធានា​រ៉ាប់រង​ដែល​ជា​ទីផ្សារ​ធំ​ជាង​គេ​»​។​

លោក​ លីម​ ហេង​ អនុ​ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​​​វិនិយោគិន​​​បរទេស​មក​កម្ពុជា​ភាគ​ច្រើន​​ជា​​ក្រុមហ៊ុន​មក​ពី​​​អឺរ៉ុប​ អាមេរិក ​ចិន​ ថៃ​ ម៉ាឡេស៊ី​ ជប៉ុន។​ ​ លោក​បន្ត​ថា​​៖ «​​​ក្រុមហ៊ុន​បរទេស​មក​វិនិយោគ​ក្នុង​វិស័យ​វាយនភណ្ឌ​ រោងចក្រ​អគ្គិសនី​ រោងចក្រ​ម៉ូទ័រ និង​ទេសចរណ៍​​ជា​ដើម​»​​។​​

យោង​តាម​របាយការណ៍ ​ក្នុង​ត្រីមាស​​ទី​២ ​ឆ្នាំ ២០១៩​ អគារ​ការិយាល័យ​សរុប​ ៥២ ​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​នោះ​អគារ​ការិយាល័យ​កម្រិត​ A មាន​ចំនួន​ ២ អគារ កម្រិត​ B មាន​ចំនួន​ ១៥ និង​កម្រិត C​ មាន​ ៣៥ អគារ​៕LA

More information visit: https://www.postkhmer.com

Leave a Reply

Your email address will not be published. Required fields are marked *