News

Check out real estate news updates

ការិនិយោគអាកាសយានដ្ឋានតម្លៃជាង ២,៧ ពាន់លានដុល្លារនឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជា

ស្របពេលដែលសេដ្ឋកិច្ចកម្ពុជារក្សាបានកំណើនយ៉ាងល្អ កម្ពុជាក៏ត្រូវការវិនិយោគរាប់ពាន់លានដុល្លារអាមេរិកក្នុងការអភិវឌ្ឍវិស័យអាកាសចរណ៍របស់ខ្លួន ដើម្បីជួយសម្រួលដល់ពាណិជ្ជកម្ម ក៏ដូចជា ជួយសម្រួលដល់អ្នកដំណើរតាមអាកាសចំនួន ១៥ លាននាក់ ដែលរំពឹងថា នឹងចូលមកប្រទេសនេះនៅឆ្នាំ ២០៣០ខាងមុខនេះ។

ការធ្វើឱ្យប្រសើរឡើងវិស័យអាកាសចរណ៍ គឺជាផ្នែកមួយនៃផែនការរបស់រដ្ឋាភិបាលដើម្បីជំរុញកម្ពុជាឲ្យក្លាយជាប្រទេស ដែលប្រជាជនមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ ២០៣០។ ហើយដើម្បីចូលរួមសម្រេចគោលបំណងនេះ កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានទាក់ទាញការវិនិយោគទៅលើអាកាសយានដ្ឋានក្នុងទំហំទឹកប្រាក់ប្រមាណជាង ២,៧ ពាន់លានដុល្លារអាមេរិក នៅតាមទីក្រុងធំៗ ហើយក៏មានគម្រោងវិនិយោគជាច្រើនទៀតនឹងមកដល់នាពេលខាងមុខផងដែរ។

យោងតាមតួលេខពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានឲ្យដឹងថា វិស័យអាកាសចរណ៍បង្កើតការងារបានប្រមាណជា ១,៧ លានកន្លែង ដោយផ្ទាល់ និងដោយប្រយោល ដែលនេះគឺស្មើប្រមាណជា ២០ ភាគរយនៃកម្លាំងពលកម្មសរុបនៅកម្ពុជា។ ទាក់ទងនឹងផលប្រយោជន៍ចំពោះសេដ្ឋកិច្ចវិញ វិស័យនេះ រកចំណូលបាន ២,៧ ពាន់លានដុល្លារអាមេរិក ដោយផ្ទាល់ និងដោយប្រយោល ដែលស្មើនឹងប្រមាណ ១៧ ភាគរយនៃផលិតផលក្នុងស្រុកសរុប។

ក្រុមហ៊ុនអភិវឌ្ឍន៍ និងប្រតិបត្តិអាកាសយានដ្ឋានទាំង៣ នៅកម្ពុជា VINCI Airports (អាកាសយានដ្ឋានភ្នំពេញ សៀមរាប ខេត្តព្រះសីហនុ) បានវិនិយោគទឺកប្រាក់ ១០០ លានដុល្លារដើម្បីពង្រីកសមត្ថភាពអាកាសយានដ្ឋានទាំង ៣នេះ ដែលអាចផ្ទុកអ្នកដំណើរបានរហូតដល់ ១០ លាននាក់ក្នុងឆ្នាំ ២០១៨ ។ ទោជាយ៉ាងនេះក្តី កម្ពុជានៅតែត្រូវការអាកាសយានដ្ឋានបន្ថែមទៀត ដែលមានសមត្ថភាពធំជាងមុន ដើម្បីឆ្លើយតបនឹងការកើនឡើងនៃចំនួនអ្នកដំណើរ និងទំនិញ។

ជាមួយនឹងតម្រូវការបែបនេះ គម្រោងអាកាសយានដ្ឋានអន្តរជាតិចំនួន ៣ តាមទម្រង់ជាភាពជាដៃគូវិស័យសាធារណៈ និងឯកជន ដែលមានទីតាំងនៅខេត្តកណ្តាល សៀមរាប និងខេត្តកោះកុង កំពុងត្រូវបានវិនិយោគដោយក្រុមហ៊ុនចិនជាមួយនឹងទុនវិនិយោគសរុបជាង ២,៦ ពាន់លានដុល្លារអាមេរិក។

ក្នុងនោះ ការវិនិយោគទឹកប្រាក់ ១,៥ ពាន់លានដុល្លារអាមេរិក ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ឬហៅកាត់ថា OCIC នឹងសាងសង់អាកាសយានដ្ឋានភ្នំពេញថ្មីលើផ្ទៃដី ២,៦០០ ហិកតានៅខេត្តកណ្តាល ខណៈពេលដែលក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ (ខេមបូឌា) គ្រោងនឹងចាប់ផ្តើមសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ តម្លៃប្រមាណជា ៩០០ លានដុល្លារក្នុងឆ្នាំ ២០១៩ ។

លើសពីនេះទៀត អាកាសយានដ្ឋានតារាសាគរដែលវិនិយោគក្នុងទឺកប្រាក់ប្រមាណជា ២០ លានដុល្លារអាមេរិក នៅខេត្តកោះកុង ដែលជាផ្នែកមួយនៃគម្រោងរមណីយដ្ឋានតារាសាគរគ្រប់គ្រងដោយក្រុមហ៊ុនចិន Union Development Group (UDG) គឺគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២០ ខាងមុខនេះ ។

លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានបញ្ជាក់ថា រដ្ឋាភិបាលបាននិងកំពុងសិក្សាលទ្ធភាពសាងសង់កែលម្អអាកាសយានដ្ឋាននៅ ខេត្តកោះកុង មណ្ឌលគិរី និងក្រុងប៉ោយប៉េត។ គម្រោងនេះ គឺស្ថិតក្នុងផ្នែកមួយនៃផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន និងប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរយៈពេល ៥ ឆ្នាំរបស់រដ្ឋាភិបាល (២០១៨-២០២៣) ក្រោមទឺកប្រាក់ប្រមាណជា ៣,៧ ពាន់លានដុល្លារអាមេរិក។

ទោះបីជា ព័ត៌មានលម្អិតនៃគម្រោងទាំង៣មិនទាន់ត្រូវបានបង្ហាញនៅឡើយ ក៏ការសាងសង់ទំនងជានឹងធ្វើឡើងនៅអតីតព្រលានយន្តហោះដែលខេត្តនីមួយៗមានស្រាប់។

More information visit: https://www.construction-property.com/km/cambodia-economy-gets-boosted-with-us2-7-billion-airport-investment/

Leave a Reply

Your email address will not be published. Required fields are marked *