News

Check out real estate news updates

ការស្រាវជ្រាវរបស់IMF៖ ការបង្កើនពន្ធលើអចលនទ្រព្យនឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ការស្រាវជ្រាវថ្មីមួយដែលគាំទ្រដោយមូលនិធិរូបិយវត្ថុអន្តរជាតិ ឬ ហៅកាត់ថា IMF បានបង្ហាញថា កម្ពុជាគួរតែបង្កើនចំណូលពន្ធលើអចលនទ្រព្យ ដើម្បីផ្គត់ផ្គង់ការចំណាយ លើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលនេះ គឺជាវិធានការណ៍មួយដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យកាន់តែប្រសើរឡើង។

ចុះផ្សាយកាលថ្ងៃទី ០៦ ខែកញ្ញា ការស្រាវជ្រាវដែលមានចំណងជើងថា «របាយការណ៍ការងាររបស់IMF៖ ការជំរុញកំណើនសេដ្ឋកិច្ចសម្រាប់ទាំងអស់គ្នានៅប្រទេសកម្ពុជា» បានបង្ហាញថា កម្ពុជាគួរបង្កើនការចំណាយទៅលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលនេះ គឺជួយបង្កើនប្រាក់ចំណូល ជាពិសេស នៅតាមតំបន់ជនបទ តាមរយៈការធ្វើឲ្យប្រសើរឡើងនូវការនាំចូលផលិតផលទៅកាន់ទីផ្សារនានា។

របាយការណ៍នេះ បានធ្វើការវិភាគពីរបៀបដែលកម្ពុជា គួរបង្កើនចំណូលពន្ធលើអចលនទ្រព្យ ឬបង្កើនចំណូលពន្ធពីពន្ធអាករលើតម្លៃបន្ថែម (VAT) ឬបង្កើនចំណូលពន្ធពីពន្ធលើប្រាក់ចំណូល ដើម្បីធានាដល់ការចំណាយលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈដែលកម្ពុជាគួរបង្កើនចំណាយសម្រាប់វិស័យនេះ ឲ្យបានប្រមាណជា ០.៥ ភាគរយ នៃផលិតផលក្នុងស្រុកសរុប ឬ GDP។

ការស្រាវជ្រាវកម្រាស់ ២៦ ទំព័រនេះ បានបង្ហាញទៀតថា ការបង្កើនពន្ធលើអចលនទ្រព្យ រហូតដល់ចំណូលពីពន្ធអចលនទ្រព្យសរុបមានចំណែកស្មើនឹង ០.៦ ភាគរយ នៃ GDP គឺនឹងជួយជំរុញ GDP ប្រមាណជា ២.៧ ភាគរយ។ ចំពោះការបង្កើនពន្ធពីពន្ធ VAT វិញ គឺនឹងជួយជំរុញ GDP ចំនួន ១.៨ ភាគរយ ខណៈការបង្កើនពន្ធពីពន្ធលើប្រាក់ចំណូល គឺនឹងជួយជំរុញ GDP ត្រឹមតែ ០.៣ ភាគរយតែប៉ុណ្ណោះ។

ក្រៅពីជំរុញ GDP ខាងលើ កំណែទម្រង់គោលនយោបាយដោយការបង្កើនពន្ធលើអចលនទ្រព្យបែបនេះ គឺនឹងកាត់បន្ថយវិសមភាពនៃចំណូលរបស់ប្រជាជនបានយ៉ាងល្អ ដោយក្នុងនោះ មេគុណ Gini coefficient ឈរត្រង់ចំណុច ០,១។ ក្នុងនោះដែរ ការអនុវត្តរូបមន្ត Gini ដូចគ្នាចំពោះការបង្កើនពន្ធពីពន្ធលើប្រាក់ចំណូល និងពន្ធអាករលើតម្លៃបន្ថែម គឺនឹងជួយកាត់បន្ថយវិសមភាពនៃចំណូលបានតិចជាង។

របាយការស្រាវជ្រាវនេះបានសរសេរថា៖ «ការកែទម្រង់នេះ [បង្កើនពន្ធអចលនទ្រព្យ] នឹងបង្កើនទាំងផលវិជ្ជមានខ្លាំងដល់ផលិតផលក្នុងស្រុកសរុប និងកាត់បន្ថយវិសមភាពនៃចំណូល។ នេះ គឺដោយសារពន្ធលើអចលនទ្រព្យគឺជាពន្ធកើនដោយឯកឯង៖ គ្រួសារដែលមានជីវភាពខ្ពស់ជាង កាន់កាប់អចលនទ្រព្យច្រើនជាង និងមានតម្លៃខ្ពស់ជាង ដូច្នេះហើយ ពួកគេក៏ត្រូវបង់ពន្ធលើអចលនទ្រព្យខ្ពស់ជាងមុនផងដែរ»។

ការស្រាវជ្រាវក៏បានលើកឡើងដែរថា ការបង្កើនពន្ធលើអចលនទ្រព្យអាចអនុវត្តបាន ប្រសិនបើ មានការអនុវត្តវិធានការណ៍ប្រកបដោយប្រសិទ្ធភាព។ វិធានការ៍នេះទៀតសោត គឺចូលរួមធ្វើឲ្យប្រសើរឡើងផ្នែករដ្ឋបាលនៅក្នុងដំណើរការប្រមូលពន្ធ ដូចជា ការធ្វើបច្ចុប្បន្នភាពការចុះបញ្ជីអ្នកជាប់ពន្ធ រួមទាំងការធ្វើបច្ចុប្បន្នភាពតម្លៃអចលនទ្រព្យ។

ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលកម្ពុជា កាលពីខែកក្កដា កន្លងទៅនេះ បានចាប់ផ្តើមអនុវត្តមូលដ្ឋានគិតពន្ធថ្មីសម្រាប់ការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យឬពន្ធប្រថាប់ត្រា ក្នុងគោលបំណងដើម្បីបង្កើនប្រាក់ចំណូលពន្ធ និងក៏ដើម្បីឲ្យស្របទៅតាមកំណើននៃការអភិវឌ្ឍន៍របស់វិស័យអចលនទ្រព្យនៅកម្ពុជា។ (អានបន្ថែម)

លើសពីនេះទៀត រាជរដ្ឋាភិបាល កាលពីពេលថ្មីៗនេះ បានត្រៀមថវិកាជាងពាក់កណ្តាលនៃកញ្ចប់ថវិកាចំនួន ១៤,៤ ពាន់លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងរយៈពេល ៣ ឆ្នាំ។ (អានបន្ថែម)

More information visit: https://www.construction-property.com/km/imf-research-increase-property-tax-to-advance-economic-growth-in-cambodia/

Leave a Reply

Your email address will not be published. Required fields are marked *