News

Check out real estate news updates

ការវិនិយោគ​នៅក្នុង​វិស័យ​សំណង់ ​មាន​ជាង $២៣ ​ពាន់​លាន

ភ្នំពេញៈ វិនិយោគ មូលធន​ក្នុង​វិស័យ​សំណង់​មាន​ទំហំ​សរុប​ជាង ២៣ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ជាង ៥ ឆ្នាំ​ចុង​ក្រោយ នេះ​។ នេះ​បើ តាម​សមាគម​អ្នក​សាងសង់​កម្ពុជា (CCA)​។

ថ្លែង​ក្នុង​ព្រឹត្តិការណ៍ Asean Real Estate Network Alliance (ARENA) ដែល​បាន​រៀបចំ ឡើង​កាលពី​ចុង​សប្តាហ៍​មុន​លោក ឆាលរ៍ វ៉ាន់ សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​អ្នក​សាងសង់​កម្ពុជា​បាន​ថ្លែងថា កំណើន​សេដ្ឋកិច្ច និង​កំណើន​ប្រជាជន​បាន​ធ្វើឲ្យ​តម្រូវការ​កន្លែង​ស្នាក់នៅ និង​អគារ​ធំៗ​នៅ​កម្ពុជា​កើនឡើង​ជា​បន្តបន្ទាប់ ពិសេស​ក្នុង​រយៈពេល​ជាង ៥ ​ឆ្នាំ​កន្លង​មក​នេះ​។

លោក​បាន​ឲ្យ​ដឹង​ថា​ការរីកចម្រើន​នេះ​បាន​ធ្វើឲ្យ​វិនិយោគ​មូលធន​ក្នុង​វិស័យ​សំណង់​ចាប់ពី​ឆ្នាំ​ ២០១៣ រហូត​ដល់​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៨ មាន​តម្លៃ​សរុប ២៣,១៤៦ ពាន់​លាន​ដុល្លារ​។

វេទិកា ARENA គឺជា​ការជួបជុំ​ប្រចាំ​ឆ្នាំ​របស់​បណ្តាញ​អ្នក​ជំនាញ​អចលនទ្រព្យ​ក្នុង​តំបន់​អាស៊ាន​ដែល​រៀបចំ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​ ២០១២​។ សម្រាប់​កម្ពុជា​ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ឆ្នាំ​ ២០១៨ នេះ​មាន​អ្នក​ចូលរួម​ជិត ៧០០ នាក់​មកពី​ប្រទេស​ជាច្រើន​ដែល​ស្ថិត​ក្នុង​តំបន់​អាស៊ាន និង​ប្រទេស​ក្រៅ​អាស៊ាន​មួយ​ចំនួន​ដូចជា ចិន ជប៉ុន កូរ៉េ​ខាង​ត្បូង អូស្ត្រាលី អឺរ៉ុប និង​អាមេរិក​។

លោក ម៉ី វ៉ាន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​នេះ​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ និង​បង្ហាញ​ពី​ការរីកចម្រើន​របស់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ទៅ​កាន់​បណ្ដា​ប្រទេស​នានា​ក្នុង​តំបន់ និង​ពិភពលោក​។

លោក​មាន​ប្រសាសន៍​ថា​៖ «​កម្មវិធី​នេះ​នឹង​ទាក់ទាញ​អ្នក​វិនិយោគ​ពី​បរទេស​កាន់តែ​ច្រើន​ឲ្យ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​»​។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ដែល​ជា​ប្រធាន​វេទិកា ARENA ក្នុង​ឆ្នាំ​ ២០១៨ នេះ​បាន​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​ថ្នាក់​ពិភពលោក​នេះ​បាន​នាំ​អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ​ជុំវិញ​ពិភពលោក​ឲ្យ​មក​ចែករំលែក​បទពិសោធ និង​ស្វែងរក​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​។

លោក​បាន​បន្ថែម​ថា ព្រឹត្តិការណ៍​នេះ​ជា​ការនាំ​កម្ពុជា​ទៅ​កាន់​ពិភពលោក និង​នាំ​ពិភពលោក​មក​កាន់​កម្ពុជា​។

លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​បើ​អ្នក​វិនិយោគ​បរទេស​ចង់​ទិញ​ដី​នៅ​កម្ពុជា តើ​គួរ​ទាក់ទង​នរណា​? ហើយ​បើ​ខ្មែរ​ចង់​ទិញ​អចលនទ្រព្យ​នៅ​បរទេស តើ​ត្រូវ​ទៅ​ទាក់ទង​នរណា​? ព្រឹត្តិការណ៍​នេះ​គឺជា​ស្ពាន​សម្រាប់​ការតភ្ជាប់​នេះ​»៕

Leave a Reply

Your email address will not be published. Required fields are marked *