News

Check out real estate news updates

ការពង្រីកហេដ្ឋារចនាសម្ព័ន្ឋទាក់ទាញការវិនិយោគទៅកាន់តំបន់ជាយក្រុងសៀមរាប

ភ្នំពេញ: ការពង្រីកហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ពិសេសផ្លូវក្រវ៉ាត់ក្រុងទី២នៃក្រុងសៀមរាប បានធ្វើឲ្យសកម្មភាពអភិវឌ្ឍន៍គំរោងធំៗជាច្រើន បាននិងកំពុងពង្រីកទៅកាន់តំបន់ជាយក្រុង ដែលធ្លាប់តែជាទឹកដីវាលស្រែនេះយ៉ាងលឿន។

អគ្គនាយកក្រុមហ៊ុនGoal Property Service Co, Ltd លោកចៅ សេងថៃបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៣ វិច្ឆិកានេះថា ពីមុនបើគិតចម្ងាយពី៣ ទៅ៥គីឡូម៉ែត្រ ចេញពីកណ្តាលក្រុងសៀមរាប តំបន់នោះពិតជាមានភាពស្ងប់ស្ងាត់ និងជាតំបន់សល់ដីទំនេរច្រើន ប៉ុន្តែដោយសារហេដ្ឋារចនាសម្ព័ន្ឋត្រូវបានតភ្ជាប់ និងពង្រីកជាបន្តបន្ទាប់ ជាមូលហេតុធ្វើឲ្យតំបន់ជាយក្រុងនេះមានការអភិវឌ្ឍយ៉ាងលឿន។

លោកបន្តថា តំបន់ស្ថិតក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប មានការអភិវឌ្ឍលឿនជាងគេ ដោយសារកត្តាជាច្រើនដូចជា ទី១ មានសណ្ឋាគារកម្រិតផ្កាយ៥ មន្ទីរពេទ្យជប៉ុន និងស្ថិតនៅក្បែរព្រលានយន្តហោះ ទី២ អ្នកវិនិយោគចិនកំពុងរៀបចំគំរោងសាងសង់ទីក្រុងបែបបៃតងនៅតំបន់នេះ ទី៣ វិថីសម្តេចប៊ុន រ៉ានីហ៊ុន សែនបានសាងសង់បញ្ចប់ ហេតុនេះអ្នកទិញដីឡូត៍ ដែលធ្វើឡើងតាមការបំពុលព៌តមានមួយចំនួន ពិតជាមិនគួរធ្វើនោះទេ ព្រោះការវិនិយោគដែលគ្មានមូលដ្ឋានព៌តមានត្រឹមត្រូវ និងច្បាស់លាស់អាចប្រឈមមុខនឹងហានិភ័យច្រើន។

លោកសេងថៃបានបន្តថា យ៉ាងណាដីឡូត៍នៅតំបន់ជាយក្រុងសៀមរាប បាននិងកំពុងមានតម្លៃកើនឡើង ដែលនាពេលអនាគត អតិថិជនមិនអាចស្វះស្វែងរកទិញដីឡូត៍ក្នុងតម្លៃប្រមាណ៥០០០ដុល្លារក្នុងមួយឡូត៍នោះទេ ដោយសារតំបន់ជាយក្រុងនានាមានការអភិវឌ្ឍលឿន ព្រោះកំនើននៃការវិនិយោគរបស់អ្នកវិនិយោគចិន និងអ្នកវិនិយោគ អន្តរជាតិដទៃទៀត។

បច្ចុប្បន្នផ្សារទំនើបចំនួនពីរបាននិងកំពុងដំណើរការ ដូចជា Heritage Walkបានបើកដំណើរការរួចហើយនៅក្រុងសៀមរាប និងផ្សារទំនើបសម្រាប់ទិញទំនិញធំមួយទៀត គឺផ្សារMAKRO នឹងបើកដំណើរការចុងឆ្នាំនេះ ឬដើមឆ្នាំ២០១៩ខាងមុខនេះ។

អគ្គនាយកក្រុមហ៊ុនCentury21 Mekongលោកច្រឹក សុខនីមបានមានប្រសាសន៍ថា ក្រុងសៀមរាបឲ្យតែចេញផុតពីតំបន់ ដែលស្ថិតក្នុងការអភិរ័ក្សរបស់អាជ្ញាធរអប្សរា ជាតំបន់មានការអភិវឌ្ឍលឿន ប៉ុន្តែល្បឿននៃការអភិវឌ្ឍក្រុងសៀមរាប មិនលឿនដូចក្រុងព្រះសីហនុ ឬក្រុងប៉ោយប៉ែតនោះទេ តែការអភិវឌ្ឍបាននិងកំពុងធ្វើឡើងដោយសន្សឹមៗ។លោកបន្តថា ដោយសារក្រុងសៀមរាប កាន់តែមានការអភិវឌ្ឍលឿន ការកកស្ទះចរាចរណ៍កំពុងកើនឡើង ការពង្រីកហេដ្ឋារចនាសម្ព័ន្ឋទៅតំបន់ជាយក្រុង ជាដំណោះស្រាយសមស្របមួយ។

លោកបន្តថា “នៅពេលហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល អភិវឌ្ឍន៍នៅតំបន់ណាតំបន់នោះនឹងទាក់ទាញការវិនិយោគ និងធ្វើឲ្យតម្លៃដីធ្លីកើនឡើងផងដែរ”៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *