News

Check out real estate news updates

ការផ្គត់ផ្គង់ការិយាល័យដែលមានម្ចាស់កម្មសិទ្ធិច្រើននឹងកើនឡើងខ្លាំងក្នុងរាជធានីភ្នំពេញ

ជាមួយនឹងការធ្លាក់ចុះនៃការផ្គត់ផ្គង់ការិយាល័យដែលមានម្ចាស់កម្មសិទ្ធិតែមួយ ទីក្រុងភ្នំពេញនឹងឃើញមានការកើនឡើងនៃការផ្គត់ផ្គង់ការិយាល័យដែលមានម្ចាស់កម្មសិទ្ធិច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់ទៀត ដោយសារអ្នកអភិវឌ្ឍន៍អន្តរជាតិកាន់តែច្រើនបាននិងកំពុងចូលមកក្នុងទីផ្សារ នេះបើតាមការឲ្យដឹងពីអ្នកជំនាញអន្តរជាតិផ្នែកអចលនទ្រព្យ។

លោក James Hewson អ្នកគ្រប់គ្រងនៃភ្នាក់ងារអចលនទ្រព្យអន្ដរជាតិ CBRE Cambodia បានមានប្រសាសន៍តាមទូរសព្ទកាលពីចុងសប្តាហ៍នេះថា អ្នកអភិវឌ្ឍន៍អន្តរជាតិកំពុងចាប់ផ្តើមទាញយកផលប្រយោជន៍ពីទីផ្សារការិយាល័យដែលមានម្ចាស់កម្មសិទ្ធិច្រើន ខណៈដែលការិយាល័យដែលមានម្ចាស់តែមួយនៅតែជាជម្រើសដ៏ពេញនិយម។

យោងតាមរបាយការណ៍បច្ចុប្បន្នភាពទីផ្សារក្នុងរាជធានីភ្នំពេញរបស់ CBRE Cambodia បានបង្ហាញថា នៅត្រីមាសទី ២ នៃឆ្នាំ ២០១៩ ការផ្គត់ផ្គង់ការិយាល័យដែលមានម្ចាស់កម្មសិទ្ធិច្រើនបានកើនឡើងចំនួន ២០,៣២៣ ម៉ែត្រការ៉េដោយបានមកពីគម្រោង Star City ដែលនេះបានធ្វើឲ្យផ្ទៃក្រឡាសម្រាប់ជួលសរុបក្នុងទីផ្សារកើនឡើងរហូតដល់ទៅ ៤០,៤៩៦ ម៉ែត្រការ៉េ។

លោក James Hewson ថ្លែងថា៖ «ហេតុផលចម្បងដែលជំរុញអ្នកអភិវឌ្ឍន៍ឲ្យសាងសង់ការិយាល័យដែលមានម្ចាស់កម្មសិទ្ធិច្រើន ជាជាងសាងសង់ការិយាល័យដែលមានម្ចាស់កម្មសិទ្ធិតែមួយ គឺការពិតត្រង់ថា ពួកគេអាចទទួលបានការវិនិយោគត្រឡប់មកវិញរបស់ពួកគេយ៉ាងលឿន»។

គិតត្រឹមត្រីមាសទី ២ ឆ្នាំ ២០១៩ របាយការណ៍ខាងលើ បានកត់សម្គាល់ថា ការផ្គត់ផ្គង់ការិយាល័យដែលមានម្ចាស់តែមួយ មានការប្រែប្រួលចុះប្រមាណជា ៣ ភាគរយ ដែលនេះគឺថយចុះប្រមាណ ១១,២៥៦ ម៉ែត្រការ៉េនៃផ្ទៃក្រឡាសម្រាប់ជួល។ បច្ចុប្បន្ន ផ្ទៃក្រឡាសម្រាប់ជួលដែលមានក្នុងទីផ្សារគឺមានចំនួន ៣៥៩,០០០ ម៉ែត្រការ៉េ។

លោកបន្តថា៖«ដោយសារតែការស្រាវជ្រាវរបស់យើង វានឹងមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងការផ្គត់ផ្គង់ការិយាល័យដែលមានម្ចាស់កម្មសិទ្ធិច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ហើយយើងទើបតែចាប់ផ្តើមមើលឃើញរលកនៃការផ្គត់ផ្គង់ការិយាល័យដែលមានម្ចាស់កម្មសិទ្ធិច្រើនចូលមកក្នុងទីផ្សារបច្ចុប្បន្ននេះ»។

នៅពេលសួរថាតើនិន្នាការខាងលើនេះនឹងបង្កបញ្ហាប្រឈមណាមួយសម្រាប់ការិយាល័យដែលមានម្ចាស់កម្មសិទ្ធិតែមួយដែរឬទេ លោក James Hewson ជឿជាក់ថា ការិយាល័យដែលមានម្ចាស់កម្មសិទ្ធិតែមួយ នៅតែមានសក្តានុពលដ៏អស្ចារ្យរបស់ខ្លួន។

លោកសង្កត់ទៀតថា ៖«តាមទស្សនវិស័យរបស់យើងដែលជាភ្នាក់ងារអន្ដរជាតិ យើងមើលឃើញថាការិយាល័យដែលមានម្ចាស់តែមួយ គឺនៅតែជាជម្រើសដ៏ល្អមួយរបស់មនុស្សដែលកំពុងសម្លឹងរកមើលការជួលអគារការិយាល័យនៅក្នុងអគារ ផ្ទុយពីការិយាល័យដែលមានម្ចាស់ច្រើន ហើយខ្ញុំគិតថាវានឹងនៅតែមានករណីបែបនេះដដែលក្នុងមួយរយៈពេលយូរគួរសម្យ»។

More information visit: https://www.construction-property.com/khread-news-1959/

Leave a Reply

Your email address will not be published. Required fields are marked *