News

Check out real estate news updates

ការទិញអចលនទ្រព្យដែលផ្អើលឆូឆរតាមគ្នា ភាគច្រើនតែងទឹកភ្នែកនៅថ្ងៃក្រោយ

លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​ស៊ីភីអិល ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏ធំមួយ​នៅកម្ពុជា បាន​លើក​ឡើងថា ការរកស៊ីដីធ្លី មិនមែនឃើញគេផ្អើលទៅខាងណា រត់ទៅខាងនឹឹងតាមគេទេ ព្រោះវានឹងធ្វើឲ្យអ្នកទឹកភ្នែកទៅថ្ងៃក្រោយ។

ការវិនិយោគ​លើ​អចលនទ្រព្យ សំខាន់​បំផុត​គឺការទទួល​បានព័ត៌មាន​គ្រប់​គ្រាន់ទាក់ទង​នឹងអចលនទ្រព្យ​នោះ ដើម្បី​យកកមក​ធ្វើការ​វិភាគ និងពិចារណា មុន​សម្រេចចិត្ត​ទិញ។

ជាក់ស្ដែង កាលពីពេលថ្មីៗ​នេះ ក៏មានការ​ផ្អើល​តាមគ្នា ទៅរកទិញដី​នៅតំបន់​ព្រលានយន្ដ​ហោះ​ថ្មី ស្ថិតនៅ​ខេត្តកណ្ដាល ដែលរដ្ឋាភិបាល​ប្រកាសថា នឹងធ្វើ​ការ​សាងសង់ ក្រោមការ​វិនិយោគ​តម្លៃរាប់ពាន់​លាន​ដុល្លារ​អាមេរិក។ ប៉ុន្ដែ នារយៈពេល​ចុង​ក្រោយនេះ ក៏មាន​ដំណឹង​មិនផ្លូវការ​មួយ​ចំនួនលេចឡើង​​ថា គម្រោងនេះ ត្រូវបាន​ពន្យាពេល​សាងសង់ ដែលធ្វើឲ្យ​អ្នកដែល​បាន​វិនិយោគ​នៅតំបន់​នោះ​កំពុង​មានការ​ជ្រួលច្របល់​ ខណៈដែលមានអ្នកមួយចំនួន​បានខ្ចីលុយធនាគារ​ដើម្បី​មកទិញជាដើម​។

ជុំវិញ​នឹងបញ្ហា​នេះដែរ លោក​ឧកញ៉ា ចេង ខេង បានក្រើន​រំឭក​ដែរថា អ្នក​វិនិយោគ​ដែលរកទិញ​ដីនៅម្ដុំនោះ ត្រូវពិចារណា​ឲ្យបាន​ម៉ត់ចត់​មុនសម្រេចចិត្ត​ទិញ ព្រោះជាទូទៅ​តម្លៃដី​នៅក្បែរ​ព្រលាន​យន្ដ​ហោះ មិនសូវជា​មានតម្លៃ​កើនឡើង​ខ្ពស់ណាស់ណា​ទេ បើធៀប​នឹងតំបន់​អភិវឌ្ឍន៍​សក្ដានុពល​ផ្សេងៗ​ទៀត។ ពិសេសនោះ ដោយសារតែ​តំបន់​ក្បែរព្រលាន​យន្ដហោះ​ តម្រូវ​មិនឲ្យ​អភិវឌ្ឍន៍​អគារខ្ពស់ៗ​នោះឡើយ។ មួយវិញទៀត ក៏ត្រូវ​តាមដាន​ព័ត៌មាន​ពីការអភិវឌ្ឍន៍​ព្រលានយន្ដ​ហោះនោះ​ឲ្យបាន​ជាប់លាប់​ផងដែរ។

បន្ថែមពីនេះ ត្រូវវិភាគ​​លើដីធ្លី របស់ខ្លួន​​​ដែល​​ចង់​ទិញនោះ ថាតើអាច​​សាង​សង់​​សំណង់​​អ្វីបាន ហើយជួលត្រឡប់​​មកវិញ​​បាន​​​នៅក្នុង​​​​ចំនួន​​​ប៉ុន្មាន? ហើយបើ ខ្ចីលុយ​ធនាគារ​​ទៀត​សោត ត្រូវដឹង​​ពីលំហូរ​សាច់ប្រាក់ ក៏ដូចជា​លទ្ធភាព​​​របស់ខ្លួន​​​ក្នុងការ​សង​ត្រឡប់​​​ទៅកាន់​​ធនាគារ​​វិញ។ យ៉ាងណាមិញ ការផ្អើល​តាមគ្នា​ទៅទិញ​ដី នៅតាម​គម្រោងធំៗ​ ដូចជា​ព្រលាន​យន្ដហោះ​ថ្មីនេះ ត្រូវបាន​លោក​ឧកញ៉ា ចេង ខេង បាន​ក្រើនរំឭក​ថា អ្នកវិនិយោគ ត្រូវស្វែងរក​ព័ត៌មាន​ឲ្យបាន​ច្បាស់ ពាក់ព័ន្ធ​នឹងគម្រោង​នេះ ដូចជា​​ តើគម្រោងនេះ​នឹងសាងសង់​ពេល​ណា? រួចរាល់​ពេលណា? ហើយបើពិត​ជាមានការ​ពន្យាពេលមែន តើវាអាច​ប៉ះពាល់​ដល់ការ​វិនិយោគ​របស់អ្នក​កម្រិត​ណា? ហើយធ្វើការ​ពិចារណា​ឲ្យបាន​ម៉ត់ចត់ ​ទាក់ទង​នឹងលទ្ធភាព​របស់អ្នក និងសក្ដានុពល​នៃអចលនទ្រព្យ​ដែលអ្នក​បម្រុងនឹង​ទិញ​នោះ មុននឹង​បោះទុន​វិនិយោគ។

Source From: https://business-cambodia.com/2018/11/18/how-to-invest-real-estate-cambodia/

Leave a Reply

Your email address will not be published. Required fields are marked *