News

Check out real estate news updates

ការដកហូតផ្ទៃដីបឹងទំហំ១៩០ហិចតាចំនួន៥បណ្ណ ពីក្រុមហ៊ុន ING Holding របស់ឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ មិនប៉ះពាល់ដល់គម្រោងចាស់ ទាំងមូលដែលកំពុងអភិវឌ្ឍន៍ទីក្រុងរណបនោះទេ គ្រាន់ជាផ្នែកមួយដែលកាត់ចេញពីអាងស្តុកទឹកបឹងជើងឯកទំហំ៥២០ហិចតា

(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះក្រុមហ៊ុន ING Holding របស់លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ បានចេញសេចក្តីជូនដំណឹងមួយ ដើម្បីជំរាបជូន សាធារណជនឲ្យបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជានាថ្មីៗនេះបានសម្រេចធ្វើមោឃភាពប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុក្រុមហ៊ុន ING Holding ចំនួន៥បណ្ណ ដែលស្មើនឹងទំហំដី១៩០ហិចតា ពាក់ព័ន្ធនឹងការអនុញ្ញាតឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅបឹងជើងឯក។

ត្រង់ចំណុចនេះក្រុមហ៊ុនសូមបញ្ជាក់ថា «ការមោឃភាពប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុរបស់ក្រុមហ៊ុន ING Holding ចំនួន០៥ប័ណ្ណ ដែលស្មើនឹងផ្ទៃដីទំហំ១៩០ហិចតា តាមរយៈ សជណ លេខ ៦៩៤ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ និងសេចក្តីជូនដំណឹងលេខ០៦៤/១៩ សជណ.រ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ របស់សាលារាជធានីភ្នំពេញ គឺជាគម្រោងដោយឡែកមួយស្ថិតនៅក្នុងអាងស្តុកទឹកផ្ទៃបឹងជើងឯក នៃផ្ទៃដីទំហំ៥២០ហិកតា មិនប៉ះពាល់ដល់ គម្រោងអភិវឌ្ឍន៍ចាស់របស់ក្រុមហ៊ុន ING Holding ដែលកំពុងអភិវឌ្ឍន៍ជាទីក្រុងរណប នៅតំបន់ក្នុងខណ្ឌដង្កោ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងក្រុងតាខ្មៅឡើយ។ (សូមពិនិត្យមើលផែនទី និងប្លង់ទីតាំងទំហំ១៩០ហិកតា នៃអាងស្តុកទឹកផ្ទៃបឹងជើងឯក)»

ការចេញសេចក្តីជូនដំណឹងប្រកាសជូនសាធារណជនពីសំណាក់ក្រុមហ៊ុន ING Holding នៅពេលនេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋមួយចំនួនបានយល់ច្រឡំថា គម្រោងដែលកំពុងអភិវឌ្ឍន៍ទាំងអស់របស់ក្រុមហ៊ុន ត្រូវបានរាជរដ្ឋាភិបាលដកហូតយកសិទ្ធិគ្រប់គ្រងវិញ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ សាលារាជធានីភ្នំពេញក៏បានបញ្ជាក់ផងដែរ តាមរយៈអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ថ្លែងបញ្ជាក់ប្រាប់អង្គភាព ព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះថា «ការជូនដំណឹងរបស់សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ អំពីដី១៩០ហិចតា សម្រាប់បម្រុងទុកធ្វើការអភិវឌ្ឍន៍ ស្ថិតនៅក្នុងខណ្ឌមានជ័យ គឺកាត់ចេញពីផ្ទៃបឹងជើងឯក ទំហំ៥២០ហិចតាតែប៉ុណ្ណោះ មិនប៉ះពាល់ដល់គម្រោងចាស់របស់ក្រុមហ៊ុន ING ដែលអភិវឌ្ឍន៍ទីក្រុងរណបនោះទេ»។

សូមជំរាបថា ដំបូងឡើយក្រុមហ៊ុន ING Holding Co., Ltd. ទទួលបានគម្រោងអភិវឌ្ឍន៍ពីរាជរដ្ឋាភិបាល នូវផ្ទៃដីទំហំ២៥៧២ហិកតា ដែលបានកាត់ផ្ទៃបឹងទំហំ៥២០ហិកតា ជាផ្ទៃបឹងអាងស្តុកទឹកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។

កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ រាជរដ្ឋភិបាលបានឱ្យក្រុមហ៊ុន ING Holding Co., Ltd. ធ្វើការវិនិយោគគម្រោងប្រព័ន្ធប្រឡាយ បេតុង អាងប្រព្រឹត្តកម្ម ស្ថានីយបូមទឹកខ្នាតធំ និងបានឆ្វៀលដី ទំហំ១៩០ហិកតា ក្នុងផ្ទៃបឹងទំហំ៥២០ហិកតា តាមរយៈធ្វើប្រទានកម្មមកក្រុមហ៊ុន ដើម្បីធ្វើការអភិវឌ្ឍន៍ទៅជាមជ្ឍមណ្ឌល ពាណិជ្ជកម្ម តំបន់លំនៅដ្ឋាន មន្ទីរពេទ្យ សាលារៀន និងសួនបៃតង និងយោងតាមលិខិតលេខ លេខ ៨០១ សជណ.ផក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ និងអនុក្រឹត្យលេខ១៤៨ អនក្រ.បក ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការកែសម្រួលផ្ទៃបឹងជើងឯក ស្ថិតនៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្រោយមកនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានសម្រេចនិរាករណ៍ និងមោឃភាព លើគម្រោងវិនិយោគនេះដូចខាងក្រោម៖

១៖ និរាករណ៍លិខិតលេខ១៩៨ សជណ.ផក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ លិខិតលេខ៨០១ សជណ.ផក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ និងលិខិតលេខ ១១៤៧ សជណ.ឧស ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

២៖ មោឃភាពប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលវត្ថុរបស់ក្រុមហ៊ុន ING Holding Co., Ltd. ចំនួន៥ប័ណ្ណ គឺលេខភព ៦៨៥៧៨, ភព៦៨៥៧៩, ភព៦៨៥៨៨០, ភព៦៨៥៨៨២ និងលេខភព ៦៨៥៨៨៣ ដែលស្មើនឹងទំហំ១៩០ហិកតា។ (១៩០ហិកតានេះគឺផ្នែកមួយនៃផ្ទៃបឹងជើងឯកទំហំ៥២០ហិកតា)

បច្ចុប្បន្នគម្រោងអភិវឌ្ឍន៍លើដីទំហំ១៩០ហិកតានេះ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិទៅឱ្យក្រុមហ៊ុនផ្សេងទៀត ដើម្បីធ្វើការអភិវឌ្ឍបន្ត តាមរយៈលិខិតលេខ ៧៤៩ សជណ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ សាលារាជធានីភ្នំពេញ ក៏បានចេញលិខិតលេខ ០៦៤/១៩ សជណ.រ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីការវាស់វែង និងការកំណត់ព្រំដីក្នុងបឹងជើងឯក ស្ថិតនៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។

ដូច្នេះទីតាំងអភិវឌ្ឍន៍ផ្ទៃបឹងទំហំ១៩០ហិកតា ដែលរាជរដ្ឋាភិបាលដកហូតពីក្រុមហ៊ុន ING Holding ទៅឲ្យក្រុមហ៊ុនផ្សេងនោះ គឺជាទីតាំងមិនធ្វើឱ្យប៉ះពាល់ ដល់គម្រោងអភិវឌ្ឍន៍ក្រុមហ៊ុន ING នោះទេ៕

More information visit: http://www.freshnewsasia.com/index.php/en/localnews/128515-2019-07-22-04-38-19.html

Leave a Reply

Your email address will not be published. Required fields are marked *