News

Check out real estate news updates

ការកំណត់​តម្លៃ​ពន្ធ​ប្រថាប់ត្រា ​អាច​នឹង​ធ្វើ​ឡើង​ជាថ្មី

ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សិក្សា​ឡើង​វិញ​ពី​ការកំណត់​តម្លៃ​ពន្ធ​ប្រថាប់ត្រា (​ការផ្ទេរ​កម្មសិទ្ធិ​អចលនទ្រព្យ​) ខណៈ​ការកំណត់​តម្លៃ​ដែល​កំពុង​អនុវត្ត​ពេល​នេះ​មាន​អាយុកាល​ជាង​ ៣ ​ឆ្នាំ​មក​ហើយ​។

ថ្លែង​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ កម្មការិនី​ជាង ១៥ ០០០ នាក់​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា​កត្តា​ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច​បាន​ធ្វើឲ្យ​តម្លៃ​ដី​នៅ​កម្ពុជា​ឡើង​ថ្លៃ​ជា​បន្តបន្ទាប់ ពិសេស​ក្រោយ​ពេល​បោះឆ្នោត​ដែល​ទើប​កន្លង​ទៅ​ថ្មីៗ​នេះ​។

លោក​បាន​បន្ត​ថា ​ដោយសារ​តម្លៃ​ដី​បាន​កើនឡើង​ជា​បន្តបន្ទាប់​នោះ ដូច្នេះ​ការវាយ​ពន្ធ​ប្រថាប់ត្រា​ក៏​គួរ​តែ​កើនឡើង​ផង​ដែរ​។

លោក​ថ្លែង​ថា​៖ «​រឿង​នេះ​មិន​ដឹង​ថា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ធ្វើ​ហើយ ឬ​យ៉ាងណា​នោះ​ទេ ព្រោះ​បើ​តាម​ដែល​ខ្ញុំ​ស៊ើប​ដឹង គឺ​ក្រសួង​កំពុង​វាយ​ពន្ធ​ប្រថាប់ត្រា​ទៅ​លើ​តម្លៃ​ដី​ដែល​បាន​កំណត់​តាំងពី​ ៣-៤ ​ឆ្នាំ​មុន​មក​ម្ល៉េះ ប៉ុន្តែ​អត្រា​តម្លៃ​ទីផ្សារ​នាពេល​បច្ចុប្បន្ន​វា​មិន​បាន​នៅ​ដូច្នោះ​ទេ​»​។

លោក​បាន​លើក​ឧទាហរណ៍​ថា​កាលពី​ ៣ ​ឆ្នាំ​មុន​ដី​ ១ ​កន្លែង​ដែល​បាន​កំណត់​ ១ ​ម៉ែត្រការ៉េ​តម្លៃ​ ២០០ ​ដុល្លារ​នោះ ឥឡូវ​វា​បាន​ឡើង​ដល់​ ១ ០០០ ​ដុល្លារ​ហើយ ដូច្នេះ​ពន្ធ​ប្រថាប់ត្រា​ក៏​ត្រូវ​តែ​កើន​ជាង​មុន​ដែរ​។

ទោះបី​ជា​យ៉ាង​ណា លោក​បញ្ជាក់​ថា​៖ «​មិនមែន​យក​ ១០០ ​ភាគរយ​ទេ​យក​ត្រឹម​ ៧០-៨០ ​ភាគរយ ក៏​វា​គ្រាន់​បើ​ជាង​យក​តាម​ការកំណត់​កាលពី​ ៣ ​ឆ្នាំ​មុន​ដែរ​»​។

លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​មិន​លើក​ទូរស័ព្ទ​កាលពី​ម្សិលមិញ​។

គេហទំព័រ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ឲ្យ​ដឹងថា ពន្ធ​ប្រថាប់ត្រា​ត្រូវ​កំណត់​អត្រា ៤ ​ភាគរយ​ចំពោះ​ការផ្ទេរ​កម្មសិទ្ធិ​អចលនទ្រព្យ ឬ​ការផ្ទេរសិទ្ធិ​កាន់កាប់​ដី​ដែល​គ្មាន​សំណង់​ក្រោម​រូបភាព​ជា​ការ​លក់ ការដោះដូរ​ការ​ទទួល​អំណោយ ការដាក់​ភាគទុន​ក្រុមហ៊ុន​។

លោក នួន រិទ្ធី នាយក​ក្រុមហ៊ុន​អចលនទ្រព្យ Khmer Foundation Appraisals បាន​និយាយ​ថា​ការកំណត់​តម្លៃ​ពន្ធ​ប្រថាប់ត្រា​ជា​រឿង​ដែល​ក្រសួង​ជំនាញ​គួរតែ​ធ្វើ ព្រោះ​បើ​យើង​ពិនិត្យ​មើល​ទៅ​លើ​តម្លៃ​ដីធ្លី​កាលពី ៣-៤ ​ឆ្នាំ​មុន​ជាមួយ​នឹង​ពេល​នេះ​គឺ​មាន​ការកើនឡើង​យ៉ាង​ច្រើន​។

លោក​ថ្លែង​ថា​៖ «​វា​ជា​ការល្អ​ដែល​ការកំណត់​តម្លៃ​ពន្ធ​ប្រថាប់​ត្រា​គួរ​តែ​កែសម្រួល​ឡើង​វិញ ព្រោះ​អ្វី​ដែល​កំពុង​តែ​ប្រើប្រាស់​រាល់​ថ្ងៃ វា​មិន​ត្រូវ​ជាមួយ​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន​ទៀត​ទេ​»​។

បើ​តាម​លោក រិទ្ធី ពន្ធ​ប្រថាប់​ត្រា​ត្រូវ​បាន​កំណត់​តាម​តំបន់​តាមរយៈ​ការសិក្សា​របស់​ក្រុម​អ្នក​ជំនាញ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ការកំណត់​តម្លៃ​ពន្ធ​ប្រថាប់ត្រា​ឡើង​វិញ​នឹង​ជួយ​ឲ្យ​រដ្ឋ​ទទួល​បាន​ចំណូល​បន្ថែម​សម្រាប់​យក​ទៅ​អភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​»​។

សម្រាប់​រយៈពេល​ ៧ ​ខែ​ឆ្នាំ​ ២០១៨ នេះ​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ពន្ធអាករ​បាន​ចំនួន​ ១៣៥៦ ​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​កើនឡើង​ចំនួន​ ១៥,២ ​ភាគរយ​។

របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​ ២០១៧ ក្រសួង​ទទួល​បាន​ចំណូល​ពី​ពន្ធ​លើ​ការផ្ទេរ​អចលនទ្រព្យ​ (​ប្រថាប់ត្រា​) តាមរយៈ​អង្គភាព​ពន្ធដារ​ប្រហែល​ ៧៨ ​លាន​ដុល្លារ​៕

Reference: https://www.postkhmer.com

Leave a Reply

Your email address will not be published. Required fields are marked *