News

Check out real estate news updates

កម្ពុជា-កូរ៉េគ្រោងបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាសំណង់ស្តង់ដារកូរ៉េនៅកម្ពុជា

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅបំពេញទស្សនកិច្ច នៅវិទ្យាស្ថានបច្ចេកវិជ្ជាសំណង់កូរ៉េ (KICT) ដែលមានទីតាំង នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ដើម្បីពិភាក្សាគម្រោងបង្កើតវិទ្យាស្ថានសំណង់កម្ពុជា-កូរ៉េ។ នេះបើយោងតាមការប្រកាសព័ត៌មានផ្លូវការពីក្រសួងសាធារណការ និងដឹកជញ្ចូនកម្ពុជា។

ក្នុងឱកាសនោះ លោក Sung Heon Han ប្រធានវិទ្យាស្ថាន KICT បានណែនាំគណៈប្រតិភូឱ្យស្គាល់បច្ចេកវិទ្យាសំណង់ ធំៗរបស់កូរ៉េ ប្រព័ន្ធលើកកម្ពស់សុវត្ថិភាពសំណង់ និងចរាចរណ៍ និងប្រព័ន្ធគ្រប់គ្រងសម្ភារៈការដ្ឋាន។

ជាមួយគ្នានេះផងដែរ KICT បានចែករំលែកពង្រាងផែនការគាំទ្រ ការបង្កើត “វិទ្យាស្ថានបច្ចេកវិទ្យាសំណង់កម្ពុជា-កូរ៉េ(C-KICT)”។ C-KICTនេះនឹងដើរតួនាទីជាមូលដ្ឋានគ្រឹះសម្រាប់ក្រសួងសាធារណការ និងដឹកជញ្ជូន កម្ពុជា ក្នុងការធានាឱ្យបាននូវស្ដង់ដារគុណភាពនៃសំណង់ នៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានជម្រាបជូនអំពីបញ្ហាប្រឈមនាពេលបច្ចុប្បន្នពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់កម្ពុជាផងដែរ។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ គ្រោះថ្នាក់ចរាចរណ៍ នាពេលបច្ចុប្បន្នដែលបង្កឡើងដោយកត្តាមនុស្ស និងចំណុចខ្មៅ បានសម្លាប់មនុស្សប្រមាណ ៥ នាក់ និងបង្ករបួសស្នាមពី២០ទៅ៥០នាក់ក្នុងមួយថ្ងៃ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានកត់សម្គាល់ថា៖ កម្ពុជាចាំបាច់ត្រូវធ្វើឱ្យប្រសើរឡើងនូវស្តង់ដារនៃការស្ថាបនា ផ្លូវថ្នល់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យមានភាព រឹងមាំ និងប្រើប្រាស់ជាប់បានយូរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ ជាពិសេស បច្ចេកវិទ្យាជួសជុលផ្លូវថ្នល់មានសារៈសំខាន់ណាស់ ដោយសារតំបន់ភាគខាងត្បូងនៃប្រទេសដូចជា៖ ខេត្តកំពត ខេត្តកែប ក្រុងព្រះសីហនុ និងខេត្តកោះកុង មានភ្លៀងធ្លាក់ជោគជាំនៅរដូវវស្សា។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានសំណូមពរឱ្យ KICT ពន្លឿនការបង្កើតវិទ្យាស្ថាន C-KICT ក្នុងរយៈពេល២ឆ្នាំ ឬឆាប់ៗតាមដែលអាចធ្វើទៅបាន។

សូមបញ្ជាក់ថា KICT គឺជាវិទ្យាស្ថានរបស់រដ្ឋាភិបាលកូរ៉េ មានជំនាញឯកទេសខាងការស្រាវជ្រាវ និងវិស្វកម្មសំណង់។ KICT មានបុគ្គលិកជំនាញថ្នាក់បណ្ឌិតជាង ៩០០ ដែលមានជំនាញផ្សេងៗគ្នាទាក់ទងនឹងការសាងសង់។ KICT បានបង្កើតស្តង់ដារសំណង់កូរ៉េសម័យទំនើប និងបានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគ យល់ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជានៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦៕

Source From: https://business-cambodia.com/2018/09/20/cambodia-plans-institute-construction-technology/

Leave a Reply

Your email address will not be published. Required fields are marked *