News

Check out real estate news updates

កម្ពុជាគ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ៤៧ទីតាំងនៅតំបន់សក្តានុពលសំខាន់ៗទូទាំងប្រទេស

តំបន់សេដ្ឋកិច្ចពិសេសគឺជាបណ្តុំនៃរោងចក្រឧស្សាហកម្មធំៗ ដើម្បីផលិតនូវទំនិញច្រើនវិស័យសម្រាប់នាំចេញទៅបរទេស និងបំពេញតម្រូវការក្នុងស្រុក។ ហើយកម្ពុជាកំពុងដំណើរការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសំខាន់ៗឱ្យបាន ៤៧ទីតាំងនៅតាមតំបន់សក្តានុពលសំខាន់ៗនៅទូទាំងប្រទេស ដើម្បីឆ្លើយនឹងតម្រូវការនៃកំណើនវិនិយោគបរទេស និងក្នុងស្រុកនៅក្នុងប្រទេសកម្ពុជា។

សម្តេចហ៊ុន សែន បានថ្លែងក្នុងកិច្ចប្រជុំកំពូលអ្នកដឹកនាំវិនិយោគសាកលនៃវេទិកាវិនិយោគពិភពលោកឆ្នាំ ២០១៨ ថា កម្ពុជាកំពុងជំរុញការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលផ្ដល់សេវាកម្មប្រមូលផ្ដុំប្រកបដោយប្រសិទ្ធភាព។ មកដល់ពេលនេះវិនិយោគិនបានស្នើសុំចុះបញ្ជីបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤៧ ទីតាំង ក្នុងនោះ ១៩ ទីតាំងកំពុងដំណើរការផលិត និងនាំចេញ ហើយ ១០ ទីតាំងផ្សេងទៀតកំពុងដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា។

បន្ថែមពីលើនេះ សក្តានុពល វិនិយោគលើគ្រប់វិស័យ គោលនយោបាយគាំពារ និងការលើកទឹកចិត្តដល់ការវិនិយោគ កម្លាំងពលកម្មទីផ្សារទូលាយនោះ បច្ចុប្បន្នកម្ពុជា ក៏មានអ្នកវិនិយោគបរទេសជាច្រើន បានផ្លាស់ប្ដូរទីតាំងរោងចក្រមកកម្ពុជា ព្រមទាំងមានការវិនិយោគធំៗផងដែរដូចជា ចិន ជប៉ុន កូរ៉េត្បូងជាដើម។

ដោយឡែក សម្រាប់ខេត្តព្រះសីហនុបច្ចុប្បន្ន មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ទីតាំង និងបានផ្តល់ការងារជូនពលរដ្ឋរាប់ម៉ឺនកន្លែងផងដែរ។ តំបន់សេដ្ឋកិច្ចពិសេសទាំង៥​ នោះរួមមាន៖១.តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយត័ក្រុងព្រះសីហនុ ,២.តំបន់សេដ្ឋកិច្ចពិសេស Adwood នៅស្រុកស្ទឹងហាវ ,​ ៣.តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅឃុំបិតត្រាំងស្រុកព្រៃនប់ ,៤.តំបន់សេដ្ឋកិច្ចពិសេស ជា ជាង ដែលទើបបង្កើតថ្មីមួយទៀតនៅស្រុកព្រៃនប់​ , ៥.​ តំបន់សេដ្ឋកិច្ចពិសេសកែវផុស​។

បើយើងតាមរបាយការណ៍របស់ UNCTAD ការវិនិយោគផ្ទាល់ពីបរទេសសម្រាប់កម្ពុជាមានការកើនឡើង ១២ ភាគរយក្នុងឆ្នាំ ២០១៧ ដល់កម្រិតខ្ពស់បំផុត ២,៨ ពាន់លានដុល្លារ អាមេរិកនៅក្នុងវិស័យហិរញ្ញវត្ថុ ទូរគមនាគមន៍ អចលនទ្រព្យ និងទំនិញកម្មន្តសាលមិនមែនវាយនភណ្ឌ ដែលធ្វើអោយកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសអភិវឌ្ឍន៍តិចតួច ៥ លើពិភពលោកទទួលបានកំណើននៃការវិនិយោគខ្ពស់ជាងគេការវិនិយោគដោយផ្ទាល់ពីបរទេស។

ការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើនមកកម្ពុជា រឹងរឺតធ្វើឱ្យប្រទេសយើងត្រៀមរៀបចំតំបន់សេដ្ឋកិច្ចពិសេសកាន់តែច្រើន ដើម្បីត្រៀមទទួលរោងចក្រឧស្សាហកម្ម ក្រុមហ៊ុនអភិវឌ្ឍន៍ធំៗរបស់បរទេស ដែលគ្រោងនឹងបណ្តាក់ទុនវិនិយោគនៅពេលដ៏ខ្លីខាងមុខនេះ។

សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងខិតខំជំរុញគោលនយោបាយច្បាស់លាស់ក្នុងការទាក់ទាញការវិនិយោគពីបរទេសបន្ថែមទៀត តាមរយៈការពង្រីកមូលដ្ឋានផលិតកម្ម កសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធដឹកជញ្ជូន កាត់បន្ថយថ្លៃអគ្គិសនី លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ការអភិវឌ្ឍន៍ធនធានមនុស្សការរៀបចំប្រព័ន្ធបច្ចេកទេសព័ត៌មាន ការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ និងការកែទម្រង់ស្ថាប័នគតិយុត្ត៕

Source From: https://business-cambodia.com/2018/10/24/special-economics-zoo-of-cambodia/

Leave a Reply

Your email address will not be published. Required fields are marked *