News

Check out real estate news updates

កម្ពុជាគ្រោងចំណាយថវិកាជាង ១៩ពាន់លានដុល្លារ ដើម្បីកសាង និងកែលម្អផ្លូវតភ្ជាប់រវាងខេត្ត

ប្រទេសកម្ពុជាគ្រោងនឹងចំណាយថវិកាប្រមាណជាង ១៩ពាន់លានដុល្លារអាមេរិក លើគម្រោងសិក្សាផែនការ  មេភស្ដុ​ភារកម្មសម្រាប់កសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងកសាងផ្លូវល្បឿនលឿន ព្រមទាំងការតភ្ជាប់ទៅកាន់ប្រទេសក្នុងតំបន់ថែមទៀត។ នេះបើតាមការលើកឡើងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងឱកាសសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ កាលពីម្សិលមិញ។

ជាការកត់សម្គាល់ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធី បើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍សិក្សាផែនការមេភស្តុភារកម្មនៅកម្ពុជា ដោយមានការចូល រួមពីតំណាងអង្គការJICA ធនាគារពិភពលោក ភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ។

ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា៖ គម្រោងសាងសង់ និងការធ្វើ ទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងផ្លូវដែក និងការសាងសង់កំពង់ផែកុងទីន័រនៅ ខេត្តព្រះសីហនុគឺដើម្បីឆ្លើយតបទៅនឹងការកើនឡើងវិស័យដឹកជញ្ជូនក្នុងស្រុក និងត្រៀមខ្លូនដើម្បីបម្រើ ការដឹកជញ្ជូនឆ្លងប្រទេសរបស់ប្រទេសក្នុងតំបន់ផងដែរ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ​នេះ ការសិក្សាជាច្រើនត្រូវបានធ្វើឡើងតាមរយៈការដាក់ បញ្ចូលផែនការមេផ្នែក​ភស្ដុភារកម្ម​ដែលដៃគូអភិវឌ្ឍន៍បានធ្វើឡើងទាក់ទងនឹងការកសាងផ្លូវ ថ្នល់ការកសាង​ផ្លូវល្បឿនលឿន ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវទឹក និងការជួស ជុល និងកសាងផ្លូវដែកជាដើម។ ប៉ុន្ដែការសិក្សា និងគម្រោងទាំងអស់នោះ នៅមិនទាន់បាន ដាក់ច្របាច់បញ្ចូលគ្នា និងបញ្ចប់ផែនការមេនៅឡើយទេ ដែលត្រូវធ្វើការពិនិត្យឡើង​វិញ ព្រម ទាំងបំពេញបន្ថែមទៅលើផែនការមេ។ នេះបើតាមការបញ្ជាក់ពីរដ្ឋមន្ត្រី។

យោងតាមAKP ឯកឧត្តមបានបន្ថែមថា ផែនការទាំងនេះ រួមមានការពង្រីកផ្លូវជាតិលេខ៥ ពីពេញទៅខេត្ដបាត់ដំបង បន្ទាយមានជ័យ និងប៉ោយប៉ែតដោយពង្រីកពី២គន្លង ទៅ៤គន្លង ដែលផ្លូវនេះគឺជាផ្លូវអាស៊ានភ្ជាប់ពីប្រទេសចិនដល់ប្រទេសមីយ៉ាន់ម៉ា ថៃ និងចូលមកកម្ពុជា ហើយបន្ដភ្ជាប់ទៅកាន់ផ្លូវជាតិលេខ១ ដល់បាវិត និងភ្ជាប់ជា​មួយនឹងប្រទេសវៀតណាម ដែល​ជាផ្លូវអាស៊ានហៃវ៉េលេខ១។

ចំណែកផ្លូវជាតិលេខ៣ ក៏កំពុងតែពង្រីកកែលម្អបន្ថែមទៀត ចាប់ ពីរាជធានីភ្នំពេញទៅកាន់ខេត្ដកំពត ដោយពង្រីកពី២គន្លង ទៅ៤គន្លង ដែលមានប្រវែង៧០ គីឡូមែត្រ ចាប់ពីរង្វង់មូល​ចោមចៅ ដល់ផ្លូវបំបែកគូស ស្ថិតក្នុងស្រុកត្រាំកក់ ខេត្ដតាកែវ និងពង្រីក២គន្លងរហូត​ដល់ខេត្ដកំពត។ ទន្ទឹមនេះ ការកសាង និងកែលម្អផ្លូវជាតិលេខ១១ ពីអ្នកលឿងរហូត​ដល់​ផ្លូវជាតិលេខ៧ ព្រមទាំងការកសាង និងកែលម្អផ្លូវជាតិសំខាន់ៗជាច្រើន ទៀតពីការចាក់កៅស៊ូBST ទៅAC ឬចាក់បេតុង ដើម្បីធានាគុណភាពប្រើប្រាស់​ឱ្យបានយូរ អង្វែង។

ក្រៅពីការ​កសាង និងកែលម្អផ្លូវថ្នល់នោះ ក្រសួង សាធារ​ណការ និងដឹកជញ្ជូន នឹងបន្ដរៀប​ចំផែនការ​មេលើហេដ្ឋារចនាសម្ព័នដឹកជញ្ជូន នៅ ខេត្ដព្រះសីហនុ ខេត្ដសៀមរាប ក្រុងតាខ្មៅ ខេត្ដកណ្ដាល ខេត្ដកំពង់ស្ពឺ ខេត្ដកែប និងខេត្ដ កំពត ដោយសារតែខេត្ដ​ទាំងនេះ កំពុងតែមានការរីកចម្រើនផ្នែកសំណង់ និងការអភិវឌ្ឍយ៉ាង ឆាប់រហ័ស​ក្នុងរយៈពេលចុងក្រោយនេះក៏ដូចជានាពេលខាងមុខ។

ឯកឧត្ដមបានបន្ថែមទៀតថា តាមរយៈគម្រោងផែនការមេភស្ដុភារកម្មនៅកម្ពុជានេះ គ្រោងនឹង ចំណាយថវិកាច្រើន​ដែលមានរហូតដល់ជាង១៩ពាន់លានដុល្លារ គឺជាចំនួនមួយដ៏ច្រើន ហើយ​រាជរដ្ឋាភិបាល​​នឹងមិនមានថវិកាគ្រប់គ្រាន់ និងមិនអាច​ធ្វើកិច្ចការងារនេះតែម្នាក់ឯង តាមរយៈការប្រើប្រាស់ថវិកាជាតិបាននោះទេ គឺត្រូវពឹងផ្អែក​លើដៃគូអភិវឌ្ឍន៍ និងវិស័យឯក ជន ដើម្បីចូលរួមអនុវត្ដន៍គម្រោងទាំងនេះឱ្យទទួលបានជោគជ័យ។ ហើយគម្រោងផែនការមេភស្ដុភារកម្មនៅកម្ពុជានេះគឺមានរយៈ ពេល៧ឆ្នាំ ចាប់ពីឆ្នាំ២០១៨-២០២៥ ដែលគ្រោងនឹងចំណាយថវិកាប្រមាណ​ជាង១៩ពាន់ លានដុល្លារ៕

Source From: https://business-cambodia.com/2018/10/31/cambodia-plans-19billion-infrastructure/

 

Leave a Reply

Your email address will not be published. Required fields are marked *